(ភ្នំពេញ)៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ, លោក ផាន់ យ៉ារ៉ាក់ ភុន ថាប់ ឯកអគ្គរាជទូតថៃថ្មី បានលើកឡើងថា នៅខែក្រោយនេះ កម្ពុជា-ថៃ បានសម្រេចបើកច្រកថ្មី៣បន្ថែមទៀត ដើម្បីជំរុញឲ្យមានការដោះដូរពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យមានការកើនឡើង។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់កិច្ចជួបសវនាការរវាងសម្តេចប្រធាន ជាមួយលោក ផាន់ យ៉ារ៉ាក់ ភុន ថាប់ នៅក្នុងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក កែវ ពិសិដ្ឋ បានបញ្ជាក់ថា «លោក ផាន់ យ៉ារ៉ាក់ ភុន ថាប់ បានលើកឡើងថា នៅខែខាងមុខនេះ នឹងមានការបើក ច្រក៣ បន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល ប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណា ជំរុញឲ្យមានការដោះដូរពាណិជ្ជកម្ម ប្រទេសទាំងពីរ ឲ្យមានការកើនឡើង»។ យ៉ាងណាក៏ដោយលោកមិនទាន់បានបញ្ជាក់ឲ្យលម្អិតថា តើចក្រទាំង៣នោះ នឹងត្រូវបើកឲ្យដំណើរការ នៅទីណាខ្លះនោះទេ។
ឯកអគ្គរាជទូតថៃថ្មីរូបនេះ បានបន្ថែមទៀតថា ទំនាក់ទំនងមិត្តភាព ក៏ដូចជា កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ បច្ចុប្បន្នមានការរីកចម្រើនយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះលោកសន្យាថា នឹងបន្ដយកចិត្តទុកដាក់ ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិបញ្ញាត្ដិប្រទេសទាំងពីរ ឲ្យកាន់តែមានការរីកចម្រើន ស៊ីជម្រៅបន្ថែមទៀត។
សម្ដេច ហេង សំរិន បានលើកឡើងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្ដិការ រវាងប្រទេសទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំង ទាំងវិស័យនយោបាយ និងការទូត ទាំងវិស័យសេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍។
សម្ដេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ពី វឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលរហូតមកដល់ពេលនេះ មានការរីកចម្រើន ដល់ចំណុចខ្ពស់មួយ ដោយមិនធ្លាប់មានពីមុន។
ប្រធានរដ្ឋសភាកម្ពុជា បានបង្ហាញនូវសុទិដ្ឋនិយមខ្ពស់ ចំពោះបេសកម្មការទូតថ្មីរបស់លោក ផាន់ យ៉ារ៉ាក់ ភុន ថាប់ ពិតជាមានសារសំខាន់ ដល់ការបន្ដនូវទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការ ដែលមានស្រាប់ឲ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានោះ សម្ដេច ក៏បានស្នើឯកអគ្គរាជទូតថៃថ្មី ជំរុញលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាធ្វើកិច្ចសហប្រតិបត្ដិការឲ្យបានជិតស្និទ្ធ ជាមួយនឹងបណ្ដាលក្រសួង ស្ថាប័ន រាជធានី-ខេត្ដ ក្រុង កម្ពុជា ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំងពីរ ឈានដល់កម្រិតខ្ពស់ កាន់តែវិវឌ្ឍន៍រីកចម្រើន ល្អប្រសើរបន្ថែមទៀត៕