(ព្រះវិហារ)៖ គណបក្សប្រជាជនកម្ពុជា (CPP) ខេត្តព្រះវិហារនៅថ្ងៃនេះ បានបញ្ចូលសមាជិកថ្មីជាង ៣៣៣នាក់បន្ថែមទៀត បន្ទាប់ពីពួកគេបានមើលឃើញពីគុណសម្បត្តិរបស់បក្សកំពុងកាន់អំណាចក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិកម្ពុជាឲ្យកាន់តែរីកចម្រើន។ ពិធីប្រកាសបញ្ចូលសមាជិកថ្មីនេះ បានធ្វើឡើងនៅភូមិអូរពោធិ ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងស្វាគមន៍ចំពោះសមាជិក សមាជិកាថ្មី ដែលបានសម្រេចចិត្តមករួមរស់ជីភាពនយោបាយជាមួយគណបក្សប្រជាជន ដើម្បីរួមគ្នាបន្តអភិវឌ្ឃន៍សង្គមជាតិ។ លោកក៏បានផ្តោតសំខាន់ទៅលើខ្លឹមសារស៊ីជម្រៅ និងផ្សព្វផ្សាយឲ្យសមាជិក-សមាជិកាទាំងអស់ បានយល់ច្បាស់អំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលដ៏ខ្លីខាងមុខនេះ។
លោក អ៊ុន ចាន់ដា ក៏បានជំរុញប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត។ ជាពិសេសដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យបានយូរអង្វែង សម្រាប់អនាគតកូនចៅជំនាន់ក្រោយ កុំជឿតាមការញុះញង់របស់ក្រុមជនអគតិមួយចំនួន ដែលឃោសនាកុំឲ្យទៅចូលរួមបោះឆ្នោតនោះ។
ក្នុងនាមជាអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ក៏បានណែនាំអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបំពេញតួនាទី ភារកិច្ច ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងត្រូវចិញ្ចឹមចលនាធ្វើជាមន្ដ្រីល្អ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយចុះដល់ខ្នងផ្ទះ។ ជាពិសេសត្រូវបន្តខិតខំធ្វើអំពើល្អ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងមានភាពជឿជាក់មកលើការដឹកនាំ របស់គណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជន នៅពេលខាងមុខនេះ៕