(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារស្រុកកញ្ជៀច តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីជាង១០០០នាក់ នៅស្នាក់ការគណៈបក្សប្រជាជនស្រុកកញ្ជៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨នេះ។
ថ្លែងសំណេះសំណាលជាមួយសមាជិកថ្មី នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បានស្វាគមន៍ចំពោះសមាជិក សមាជិកាថ្មី ដែលបានសម្រេចចិត្ត មករួមរស់ជីភាពនយោបាយ ជាមួយគណបក្សប្រជាជន ដើម្បីរួមគ្នាបន្តអភិវឌ្ឃន៍សង្គមជាតិ ក៏ដូចជាមូលដ្ឋានរបស់យើង ជាពិសេសការសម្រេចជ្រើសរើស យកគណបក្សប្រជាជន របស់បងប្អូន គឺជាការត្រឹមត្រូវ ព្រោះថាមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរំដោះបងប្អូនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ។
ផ្តោតសំខាន់ទៅលើខ្លឹមសារស៊ីជម្រៅ និងផ្សព្វផ្សាយឲ្យសមាជិក-សមាជិកាទាំងអស់ បានយល់ច្បាស់អំពីកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលដ៏ខ្លីខាងមុខនេះ ។
នាយឧត្តមសេនីយ៍ ដាំ វុទ្ធី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបំពេញតួនាទី ភារកិច្ច ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងត្រូវចិញ្ចឹមចលនាធ្វើជាមន្ដ្រីល្អ ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយចុះដល់ខ្នងផ្ទះ ពិសេសត្រូវបន្តខិតខំធ្វើអំពើល្អ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ និងមានភាពជឿជាក់មកលើការដឹកនាំ របស់គណបក្សប្រជាជន និងបោះឆ្នោតជូនគណបក្សប្រជាជន នៅពេលខាងមុខនេះ។ ម៉្យាងវិញទៀតត្រូវចូលរួមលើកម្ពស់ការពារ តម្លៃនៃសុខសន្ដិភាព បន្ដជំរុញកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដោយចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ។
នាយឧត្តមសេនីយ៍ ដាំ វុទ្ធី បញ្ជាក់ថា «ប្រទេសមានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍ មានសុខសន្តិភាព ទើបមានវិនិយោគទុន ដូច្នេះយើងត្រូវរួបរួមសាមគ្គីគ្នា រក្សាសុខសន្ដិភាពឲ្យបានដូចសព្វថ្ងៃនេះ» ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី ក៏បានផ្តាំផ្ញើដល់បងប្អូនសមាជិកចាស់ សមាជិកថ្មី ព្រមទាំងប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យបានយូរអង្វែង សម្រាប់អនាគតកូនចៅយើងបន្តទៅទៀត កុំជឿតាមការញុះញង់របស់ក្រុមជនអគតិមួយចំនួនកុំឲ្យទៅចូលរួមបោះឆ្នោត ៕