(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានធ្វើការបណ្ដេញជនជាតិចិនចំនួន០៤នាក់ និងជនជាតិវៀតណាម ចំនួន០៥នាក់ ស្រី០៣នាក់ ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិចន្ទាយចក្រី និងច្រកទ្វារអាកាសអន្តរជាតិភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង០៤នាក់ ពាក់ព័ន្ធករណីគំរាមគំហែង ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធីណែត ចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តកំពត។
ចំណែកជនជាតិចិនម្នាក់ទៀត ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅប្រទេសកម្ពុជា បានអនុវត្តទោសក្នុងពន្ធនាគារ ចំនួន២ឆ្នាំ ៣ខែរួច និងមានពាក់ព័ន្ធករណីល្មើសច្បាប់ផ្សេងទៀត ដែលបានប្រព្រឹត្តនៅប្រទេសចិន។
លោកប្រធាននាយកដ្ឋាន បន្ថែមថា សម្រាប់ជនជាតិវៀតណាម ចំនួន០៥នាក់ ត្រូវបានបណ្ដេញចេញពាក់ព័ន្ធករណីលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់៕