(បាត់ដំបង)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលបាត់ដំបង បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ធ្វើការត្រួតពិនិត្យទំនិញនាំចូលពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិ៍អន្តរជាតិដូង ស្រុកកំរៀងដែលដឹកតាមរទេះ ឃើញពងមាន់២៧០កញ្ច្រែងស្មើនឹង៨,១០០គ្រាប់ខូចគុណភាព រួចបានយកមកដុតកម្ទេចចោលភ្លាមៗនៅនឹងកន្លែង។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីទប់ស្កាត់បទល្មើសលួចដឹកទំនិញខូចគុណភាព នាំចូលពីប្រទេសថៃ និងយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញ បានសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្ម នគរបាល គយ និងអាជ្ញាធរដែនដី បានស្ទាក់ចាប់ទំនិញមានពងមាន់២៧០កញ្ច្រែងស្មើនឹង ៨,១០០គ្រាប់ ដែលឈ្មួញបានដឹកតាមរទេះចូលមកសម្រាប់ធ្វើការចែកចាយក្នុងដីខ្មែរ។
លោកប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ថា អាជីវករខិលខូចមួយចំនួនតូច នៅតែលួចនាំចូលទំនិញខូចគុណភាពយកមកលក់ឲ្យពលរដ្ឋខ្មែរ ដោយមិនបានគិតពីផលប៉ះពាល់សុខភាពអ្នកណាឡើយ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ តែទោះជាយ៉ាងណាក៏ដោយមន្រ្តីជំនាញ នៅតែតាមប្រម៉ាញ់ទប់ស្កាត់បានទាន់ពេលវេលារហូតមក ទោះពួកគេបានប្រើប្រាស់ក្នុងរូបភាពណាក៏ដោយ។
លោកបានបន្តថា ក្រុមការងារមន្រ្តីជំនាញ នៅតែបន្តធ្វើការទប់ស្កាត់ផង និងធ្វើការអប់រំផ្សព្វផ្សាយដោយផ្ទាល់ផង តាមរយៈការបិទផ្សាយរូបភាព ជាបន្តទៀតដើម្បីឲ្យអ្នកលក់ និងអ្នកប្រើប្រាស់បានយល់កាន់តែច្បាស់ ពីការប៉ះពាល់សុខភាព មកលើអ្នកបរិភោគទាំងអស់គ្នា៕