(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា និងអតីតយុទ្ធជននៅក្នុងរាជធានីភ្នំពេញសរុប ៥,៦១៦នាក់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ បានរួមគ្នាពិធីអបអរសាទរខួបលើកទី ១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ព្រមទាំងមានការបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជា ដើម្បីជាការតបស្នងសងគុណចំពោះគុណបំណាចដែលពួកគាត់បានលះបង់ក្នុងបុព្វហេតុជាតិមាតុភូមិក្នុងការនាំមកនូវសុខសន្តិភាព។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ។
ក្នុងពិធីនេះលោក ឃួង ស្រេង បានអានសារលិខិតរបស់សម្តចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកនូវគុណូបការៈរបស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិ និងបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនទាំងអស់ត្រូវរួមគ្នាដោះស្រាយទុក្ខលំបាករបស់អតីតយុទ្ធជន និងជួយឲ្យជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ។
នាយឧត្តមសេនីយ៍ គន់ គីម បានកោតសសើរចំពោះការខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់នៅក្នុងរាជធានី ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់សមាជិកសមាគម។ លោកអគ្គលេខាសមាគម ក៏បានជំរុញ ឲ្យថ្នាក់ដឹកនាំសមាគមបន្តការខិតខំបន្ថែមទៀត ជាពិសេសពេលសមាជិកមានធុរៈ ឬជំងឺត្រូវចាត់ចែងជួយឲ្យបានទាន់ពេលវេលា។ ជាពិសេសពេលមានកម្មវិធីជួបប្រជុំ ឬ បុណ្យជាតិ ត្រូវអញ្ជើញសមាជិកទាំងអស់ចូលរួមផងដែរ។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីតបស្នងគុណបំណាច់របស់បងប្អូនអតីតយុទ្ធជនដែលបានបូជាចំពោះជាតិមាតុភូមិ រហូតបានទូលថ្វាយព្រះមហាក្សត្រដើម្បីប្រគល់គ្រឿងឥស្សរិយយសមេដាយការពារជាតិទៅតាមអតីតភាពម្នាក់ៗថែមទៀតផង។
«បងប្អូនយើងត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយត្រូវប្តេជា្ញការពារឲ្យបាននូវសន្តិភាពដែលយើងទាំងអស់គ្នាទទួលបាន ដូចសព្វថ្ងៃដោយការធ្វើពលីកម្មរបស់បងប្អូនទាំងអស់គ្នា ក្រោមការដឹកនាំដ៏អង់អាចក្លាហាន និងឈ្លាសវៃរបស់សម្តេចតេជោ»។ នាយឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់ចំពោះមុខអតីតយុទ្ធជនកម្ពុជាក្នុងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្រោយធ្វើបច្ចុប្បន្នភាព បានរកឃើញថា អតីតយុទ្ធជននៅក្នុងរាជធានីភ្នំពេញ មានជីវភាពទីទ័លក្រ ១៩៤គ្រួសារ មានដីអត់ផ្ទះ និង ៧០គ្រួសារ មានផ្ទះមិនសមរម្យ ត្រូវបានលោកអគ្គលេខាធិការណែនាំឲ្យសមាគមអតីតយុទ្ធជនរាជធានី ពិនិត្យឡើងវិញ រួចលើកសំណើជូនអភិបាលរាជធានីដោះស្រាយ។ ដោយឡែកអ្នកអត់ដីអត់ផ្ទះទាំង ៥០០គ្រួសារ បើព្រមទៅនៅខេត្តឧត្តរមានជ័យ នាយឧត្តមសេនីយ៍ គន់ គីម ស្នើសុំសម្តេចតេជោ ហ៊ុន សែន ដោះស្រាយជូនពួកគាត់។
លោក ប៊ុន សរ យោធិនពិការភ្នែកអតីតប្រធានកងអនុសេនាធំ កងពលធំ ២៨៦សព្វថ្ងៃ រស់នៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ និង លោក ស្វាយ ង៉ូយ យោធិនពិការអតីតកងពលលេខ៨ រស់នៅភូមិ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏ដូចជាបងប្អូន សមាជិកដទៃទៀត ដែលបានចូលរួមក្នុងពិធីនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់លើគ្រប់វិស័យ។
បងប្អូនអតីតយុទ្ធជន បានប្រកាសថា ពួកគេនឹងបន្តការពារ និងគាំទ្រសម្តេចតេជោ ហ៊ុន សែន តាមរយៈសន្លឹកឆ្នោតរបស់ពួកគេ ដូចដែលពួកធ្លាប់បានប្រយុទ្ធការពារលើសមរភូមិកាលពីទសវត្សរ៍ឆ្នាំ៨០ និង៩០ ដោយឥតងាករេនោះឡើយ៕