(កណ្តាល)៖ ថ្លែងក្នុងពិធីប្រារព្ធទិវាជាតិនៃការចងចាំនៅភូមិពោធិ៍ទន្លេ ឃុំកោះធំក ស្រុកកោះធំ ខេត្តកណ្តាលនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកកោះធំ បានថ្លែងថា ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការផ្លាស់ប្តូរពីរបបមួយទៅរបបមួយ ក៏ដូចជាការផ្លាស់ប្តូរមេដឹកនាំផងដែរ គឺជារឿងដ៏សំខាន់បំផុត ដែលទាមទារឲ្យមានការថ្លឹងថ្លែង និងពិចចារណាឲ្យបានល្អិតល្អន់បំផុត។
លោក ស៊ុន ចាន់ថុល បានរំលឹកថា ព្រោះតែការសម្រេចចិត្តខុសរបស់ប្រជាពលរដ្ឋ និងជឿតាមការញុះញង់នានាដោយខ្វះមូលដ្ឋានក្នុងការពិចារណា ទើបធ្វើឲ្យប្រទេសកម្ពុជាផុងជើងធ្លាក់ចូលក្នុងអន្លង់នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំឲ្យមានការសម្លាប់រង្គាលអស់ប្រជាពលរដ្ឋជាង ២លាននាក់ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
លោក ស៊ុន ចាន់ថុល ដែលមានឋានៈជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងជួររាជរដ្ឋាភិបាលកម្ពុជាមកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះ «របបប្រល័យពូជសាសន៍ ប៉ុល ពត កើតឡើងដោយសារតែបងប្អូនប្រជាពលរដ្ឋយើងសម្រេចចិត្តខុស សម្រេចចិត្តដោយជឿតាមការឃោសនា ជឿតាមការញុះញង់ ទើបយើងរអិលជើងធ្លាក់ក្នុងរបបដ៏ឃោរឃៅបែបនេះ។ របបប៉ុលពតបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គម បានប្រែក្លាយសាលារៀន និងមន្ទីរពេទ្យទៅជាមន្ទីរឃុំឃាំង ព្រមទាំងបានធ្វើឲ្យខឿនសេដ្ឋកិច្ចទាំងមូល ធ្លាក់ចុះដល់ចំណុចសូន្យ»។
លោក ស៊ុន ចាន់ថុល បានថ្លែងបន្តថា របបប្រល័យពូជសាសន៍មិនអាចរលំរលាយបាននោះទេ ប្រសិនបើគ្មានការតស៊ូរបស់អ្នកសេ្នហាជាតិ ដែលដឹកនាំដោយថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា មានដូចជា សម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ជាដើមនោះ។
លោករដ្ឋមន្ត្រីបន្តថា ប្រទេសកម្ពុជាបច្ចុប្បន្ន ដែលទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញនេះ កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យហេដ្ឋរចនាសម្ព័ន្ធស្ពានថ្នល់ មានស្ពានឆ្លងកាត់ទន្លេនៅស្រុកកោះធំ បង្កើតការងារធ្វើជូនប្រជាពលរដ្ឋទៅតាមចំណេះនិងជំនាញ។
«ការដែលយើងរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ និងរក្សាបាននូវសុខសន្តិភាព ប្រទេសយើងមានការអភិវឌ្ឍរីកចម្រើនច្រើនណាស់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដូច្នេះយើងត្រូវចងចាំ ហើយងត្រូវពិចារណាឲ្យបានល្អិតល្អន់ក្នុងការជ្រើសរើសមេដឹកនាំប្រទេស»។ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែម។
ក្នុងពិធីប្រារព្ធទិវាជាតិនៃការចងចាំ និងបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍នោះ លោកទេសរដ្ឋមន្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួបរួមសាមគ្គីគ្នាជាធ្លុងមួយ កុំជឿតាមការញុះញង់ពីជនអគិតដែលតែងតែបំភិតបំភ័យ និងភូតភរគ្រប់រូបភាព គ្មានសីលធម៌។
លោក ស៊ុន ចាន់ថុល ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋនៅស្រុកកោះធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីទទួលបានការអភិវឌ្ឍប្រទេសប្រកបដោយចេរភាព ក៏ដូចជាបង្ហាញអន្តរជាតិឲ្យឃើញពីការរួបរួមជាតិ ប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាផងដែរ៕