(ព្រៃវែង)៖ «គ្មានអ្នកណាជួយយើង ក្រៅពីខ្មែរយើងខ្លួនឯងនោះទេ, ខ្មែរធ្វើឲ្យខ្មែរយើងខ្លាំង ហើយខ្មែរខ្លួនឯងដែលធ្វើឲ្យខ្លួនឯងខ្សោយ សូមកុំពឹងបរទេស ព្រោះបរទេសគេគិតពីផលប្រយោជន៍ របស់ប្រទេសគេ ហេតុនេះហើយ យើងត្រូវខិតខំដើម្បីជំរុញធ្វើឲ្យប្រទេសយើងខ្លាំង»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈអញ្ជើញចុះសំណេះសំណាលជាមួយ លោកគ្រូ-អ្នកគ្រូ ក្នុងខេត្តព្រៃវែងចំនួន៨៦៧នាក់ នាថ្ងៃអាទិត្យទី១៣ ខែឧសភា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បាននាំការផ្តាំផ្ញើនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនដល់លោកគ្រូ-អ្នកគ្រូទាំងអស់ នៅក្នុងខេត្តព្រៃវែង ដែលបាន ខិតខំប្រឹងប្រែង ក្នុងការបង្រៀនដល់សិស្សានុសិស្ស ដើម្បីជាការចូលរួមក្នុងការកសាងនូវអនាគតរបស់យុវជន និងចូលរួមក្នុងកសាងប្រទេសជាតិ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា មនុស្សម្នាក់ៗ មិនមានតែរូបរាង្គកាយសម្បទាតែមួយមុខនោះទេ មនុស្សម្នាក់ៗ ត្រូវមានទាំងកាយសម្បទា និងទាំងចំណេះដឹង គុណធម៌ សីលធម៌ ដើម្បីធ្វើជាធនធានមួយល្អ ក្នុងសង្គម ហើយនេះគឺជាភារកិច្ចរបស់លោកគ្រូ-អ្នកគ្រូ ដែលមានក្នុងការអប់រំ និងបានបណ្តុះបណ្តាលដល់សិស្សានុសិស្ស។
លោកថា លោកគ្រូ-អ្នកគ្រូ គឺជាឪពុក-ម្តាយទីពីរ, ឪពុក-ម្តាយបង្កើត បានបង្កើត និងបីបាច់ថែរក្សាឲ្យកូនចៅធំធាត់ និងបានចូលរួមអប់រំមួយចំនួន តែលោកគ្រូ-អ្នកគ្រូ បានដើរតួធ្វើឲ្យ មនុស្សម្នាក់ ក្លាយទៅជាមនុស្សពេញលក្ខណៈ ក្លាយជាជាធនធានរបស់សង្គម ដែលប្រកបដោយបញ្ញាញាណ ចំណេះដឹងសមត្ថភាព គុណធម៌ និងសិលធម៌ ហើយកត្តានេះហើយ ដែលសំខាន់សម្រាប់ កសាងសង្គមជាតិ។
លោកបន្ថែមទៀតថា ក្នុងសម័យទំនើប សម័យប្រព័ន្ធបច្ចេកវិទ្យា បានផ្តល់ឱកាសជាច្រើនដល់យុវជន ក្នុងការស្រាវជ្រាវ និងទទួលយកព័ត៌មានផ្សេងៗ ក្នុងនោះរឿងល្អ រឿងអាក្រក់ នៅជាមួយគ្នា ដូចនេះដើម្បីជៀសវាងនូវរឿងទាំងនោះ គឺមានតែការអប់រំនៅក្នុងសាលា គឺភារកិច្ចរបស់លោកគ្រូ-អ្នកគ្រូនេះហើយ ដែលធ្វើឲ្យគាត់ដឹងយល់ច្បាស់ពីគុណតម្លៃ សិលធម៌ គុណធម៌។
លោកបន្ដថា មនុស្សម្នាក់មិនមានឱកាស ទទួលបានការអប់រំក្នុងសាលា ជាធនធានមួយដែលមានកំរិត ប៉ុន្តែបើមនុស្សម្នាក់មានសមត្ថភាព មានចំណេះដឹងខ្ពស់ មិនប្រកបដោយគន្លង គុណធម៌ ក៏អាចក្លាយទៅជាបញ្ហាមួយ សម្រាប់ប្រទេសជាតិវិញដែរ ជាឧទាហរណ៍ អ្នកដឹកនាំក្នុងរបបខ្មែរក្រហម គឺសុទ្ធតែបណ្ឌិតមកពីបរទេស ដោយសារតែគាត់ ទទួលយកនូវ នយោបាយមួយ ដែលមិនផ្អែកលើគុណបុណ្យ គុណធម៌ សីលធម៌ គាត់ចង់លាងសង្គមមួយ ដែលគាត់គត់ថាមិនស្អាតស្អំ ឲ្យក្លាយជាសង្គមមួយស្អាតស្អំ ទីបំផុតគឺប្រជាជនស្លាប់ រាប់លាននាក់។
ជាមួយគ្នានោះ លោកបានលើកឡើងថា «ប្រទេសយើងធ្លាប់មានស្លាកស្នាមដ៏អាក្រក់បំបផុត ដែលយើងមិនអាចបំភ្លេចបានទេ។ នៅពេលនោះ បរទេសមិនបានស្គាល់ថាខ្មែរ នៅកន្លែង ណានោះទេ គឺគេស្គាល់តែ ប៉ុល ពត ឫ Killing Field ដែលកាប់សម្លាប់ខ្មែរយ៉ាងសាហាវនៅពេលនោះ មូលហេតុនេះយើងត្រូវចងចាំ ហើយកុំឲ្យប្រវត្តិសាស្រ្តនោះ កើតឡើងម្តងទៀត ហើយមូលហេតុនេះហើយ ដែលធ្វើឲ្យយើងដើរយឺត»។
លោកថា អ្វីដែលយើងចង់បាន គឺចង់ឲ្យប្រទេសយើងដើរទៅមុខ ពីមុនគេមិនស្គាល់កម្ពុជាជាអ្វី ប៉ុន្តែពេលនេះ គេបានស្គាល់កម្ពុជាថា ជាទឹកដីដែលមានប្រជាពលរដ្ឋល្អ ហើយស្មោះត្រង់ ដោយសារ ការបណ្តុះបណ្តាល ដែលកើតចេញពីសំណាក់លោកគ្រ-អ្នកគ្រូ ដែលខិតខំបង្រៀន និងរៀនក្នុងប្រព័ន្ធអប់រំស្រុកខ្មែរយើង ពេលនេះយើងមានសមត្ថភាព សាងសមិទ្ធផល ផ្សេងៗ បានដោយខ្លួនឯងលើគ្រប់វិស័យ។ យើងមានសម្ថភាពកសាងផែនការ និងឯករាជ្យគ្រប់គ្រងប្រទេសដោយខ្លួនឯង ហើយពេលនេះ មិនមានបរទេសណាមកចង្អុលបង្ហាញ ឫធ្វើឲ្យយើងនោះទេ។
លោកបានលើកឡើងថា ជាមួយ និងការយកចិត្តទុកដាក់ ផ្នែកប្រាក់បៀវត្សរ៍របស់លោកគ្រូ-អ្នកគ្រូ ការបង្កើនគុណវុឌ្ឍ គុណភាព សមត្ថភាព លោកគ្រូ-អ្នកគ្រូ ដែលជាប្រភព នៃការផ្តល់ ចំណេះដឹង ដល់សិស្សក៏ជាកត្តាសំខាន់។ លោកគ្រូ-អ្នកគ្រូ ត្រូវបានលើកទឹកចិត្ត និងផ្តល់ឱកាសក្នុងការសិក្សា និងបណ្តុះបណ្តាលផ្សេងៗបន្ថែម។
វិស័យអប់រំ គឺជាការវិនិយោគ ធនធានមនុស្ស ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង ជាងវិស័យផ្សេងៗទៀត ដែលរាជរដ្ឋាភិបាល បានខិតខំកសាងសាលា ចាប់ពីមតេយ្យ រហូតដល់វិទ្យាល័យ ទៅដល់មូលដ្ឋានទូទាំងប្រទេស ដើម្បីកូនចៅប្រជាពលរដ្ឋមានឱកាស និងលទ្ធភាពបានចូលរៀនទាំងអស់គ្នា។ ជាមួយគ្នានេះ សាកលវិទ្យាល័យជាច្រើន ក៏ត្រូវបានបង្កើត ដែលបានផ្តល់ឱកាសដល់យុវជនយើង បានបន្តការសិក្សា ដែលរហូតពេលនេះ យើងបានបណ្តុះបណ្តាលធនធាន មនុស្សគ្រប់វិស័យ និងប្រកបដោយសកត្តានុពល ដែលបានចូលរួមជំរុញឲ្យប្រទេស របស់យើង កាន់តែដើរលឿនទៅមុខបន្ថែមទៀត។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា «ខ្ញុំសង្ឃឹមថា សម្ភារ មធ្យោបាយផ្សេងៗ ត្រូវម្ចាស់ការធ្វើបានដោយខ្លួនឯង កម្រិត នៃការរុញវត្តមានរបស់កម្ពុជា នៅលើឆាកអន្តរជាតិ កាន់តែមានច្រើន តាមគ្រប់វិស័យនេះ។ ចក្ខុវិស័យរបស់យើងជាអ្វី ដែលលោកគ្រូ-អ្នកគ្រូ ត្រូវចូលរួមដោយផ្ទាល់ក្នុងការកសាងនេះ»៕