(ថៃ)៖ ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងសន្និបាតប្រចាំឆ្នាំ លើកទី៧៤ ក្រោមប្រធានបទ «វិសមភាពក្នុងសករាជនៃរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍដោយចីរភាព» នៅទីក្រុងបាងកក ប្រទេសថៃ។
សន្និបាតខាងលើនេះ រៀបចំដោយ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចប្រចាំតំបន់អាស៊ី និងប៉ាស៊ីហិ្វករបស់អង្គការសហប្រជាជាតិ (UN-ESCAP) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៨ នៅទីក្រុងបាងកក។
ទេសរដ្ឋមន្រ្តី លី ធុជ ត្រូវបាន UN-ESCAP អញ្ជើញឲ្យធ្វើជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃសន្និបាតប្រចាំឆ្នាំលើកទី៧៤នេះ ដែលមានការចូលរួម ពីប្រមុខរដ្ឋ នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ឧត្តមមន្រ្តី និងមន្រ្តីនៃរដ្ឋជាសមាជិក និងរដ្ឋសង្កេតការណ៍ប្រមាណជាង ៦០ ប្រទេស។
ជាមួយគ្នានោះ ក៏មានតំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ លេខាប្រតិបត្តិ UN-ESCAP មន្រ្តីជំនាញមកពីអង្គការសហប្រជាជាតិទូទាំងសកលលោក ស្ថាប័នហិរញ្ញវត្ថុ ពិភពលោក ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើន។
ក្នុងកិច្ចប្រជុំខាងលើនេះ បានពិភាក្សាលើចំណុចសំខាន់ៗចំនួន ៤ រួមមាន៖
១៖ វិសមភាពក្នុងសករាជនៃរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍដោយចីរភាព
២៖ បញ្ហាប្រឈមនិងឱកាសក្នុងរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍដោយចីរភាព
៣៖ តួនាទីតំបន់អាស៊ីនិងប៉ាស៊ីហ្វិកក្នុងការងារពហុភាគី និងអភិបាលកិច្ចសកលនៃសករាជរបៀបវារៈឆ្នាំ ២០៣០
៤៖ ការច្នៃប្រឌិតបច្ចេកវិទ្យាដើម្បីជួយជម្រុញដល់ភាពជោគជ័យនៃការអភិវឌ្ឍដោយចីរភាព។
ដើម្បីឆ្លើយតប ទៅនឹងប្រធានបទខាងលើ ទេសរដ្ឋមន្រ្តី លី ធុជ បានកត់សំគាល់ពីភាពជោគជ័យ សំខាន់ៗចំនួន៣របស់កម្ពុជា រួមមាន៖
១៖ ការកសាងសនិ្តភាព គឺជាកត្តាចាំបាច់បំផុត មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ដែលជាការអភិវឌ្ឍដោយចីរភាព ទៅតាមរបៀបវារៈឆ្នាំ ២០៣០ និងការអភិវឌ្ឍដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០។
២៖ ការកាត់បន្ថយភាពក្រីក្រដ៏គួរឲ្យកត់សំគាល់ ដែលបានធ្លាក់ចុះពី៥៣ភាគរយ ក្នុងឆ្នាំ២០០៤ មកនៅត្រឹមតែ ១៣,៥ ភាគរយ ក្នុងឆ្នាំ២០១៤ ហើយនឹងនៅបន្តធ្លាក់ចុះ ជាង១ភាគរយ ក្នុងមួយឆ្នាំៗទៀត។ នេះបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានការកាត់បន្ថយភាពក្រីក្រ បានច្រើនជាងគេ ក្នុងពិភពលោក និងមិនមាននរណាម្នាក់ដែល ត្រូវទុកចោល ដោយមិនទទួលបានផលពីការអភិវឌ្ឍឡើយ។
៣៖ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្លាំង ហើយបន្តមានលំនឹងរឹងមាំ ក្នុងកម្រិត ៧.២ភាគរយ និងបន្តនៅចន្លោះ ៧.១ ឬ ៧.២ ភាគរយក្នុងឆ្នាំ២០១៧ និង២០១៨ផងដែរ។ សមិទ្ធផលនេះ ទទួលបានដោយសារ ការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានបង្ហាញឲ្យឃើញអំពីឧត្តមគតិ និងការបេ្តជ្ញាដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការពុះពារបម្រើជាតិ និងប្រជាជនយកផលប្រយោជន៍រួមជាធំ សំដៅបន្តការពារ និងកសាងមាតុភូមិ ឆ្ពោះទៅរកអនាគតដ៏រុងរឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។
ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានបញ្ជាក់ថា រាជដ្ឋាភិបាល ក៏បានដាក់ចេញ នូវគោលដៅតម្រង់ឆ្ពោះទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ហើយនឹងទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ផងដែរ ដោយកំណត់យកអាទិភាព សម្រាប់ការអភិវឌ្ឍ គឺ ទឹក ផ្លូវ ភ្លើង មនុស្ស។
សូមជម្រាបថា គោលបំណងដ៏ចំបង នៃសន្និបាតនេះ គឺពិនិត្យនិងអនុម័តលើរបាយការណ៍ការងារ ដែលអគ្គលេខាធិការដ្ឋាន UN-ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ២០១៧ និងអនុម័តសេចក្តីសម្រេច ផែនការផ្សេងៗ ដែលបានស្នើឡើងដោយរដ្ឋជាសមាជិក និងអគ្គលេខាធិការដ្ឋាន UN-ESCAP សម្រាប់ឆ្នាំ ២០១៨៕