(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ម.ក លើកទី៥១។
បន្ទាប់ពីមន្ត្រីជំនាញធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក បានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយទៅលើឯកសារដែលរៀបចំដោយនាយកដ្ឋានជំនាញនៃ គ.ម.ក ហើយបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖
*ទី១៖ អនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម។ ប្រកាសនេះមានគោលដៅកំណត់ពីលក្ខខណ្ឌ និងនីតិវិធីក្នុងការផ្តល់អាជ្ញាបណ្ណ/ការអនុញ្ញាត ព្រមទាំងកាតព្វកិច្ចផ្សេងៗរបស់ក្រុមហ៊ុនដែលប្រកបអាជីវកម្មគម្រោងវិនិយោគរួម។ បច្ចុប្បន្ន គ.ម.ក មិនទាន់ផ្តល់ការអនុញ្ញាតលើគម្រោងវិនិយោគរួមណាមួយ ដើម្បីប្រមូលសាច់ប្រាក់ពាក់ព័ន្ធនឹងគម្រោងវិនិយោគរួមនៅឡើយទេ ដោយត្រូវរង់ចាំរហូតដល់ពេលទទួលបានការអនុម័តពីកិច្ចប្រជុំ គ.ម.ក លើសេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយលក់គម្រោងវិនិយោគរួមជាសាធារណៈ នៅពេលខាងមុខ។
*ទី២៖ អនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។ ប្រកាសនេះមានគោលដៅកំណត់ពីលក្ខខណ្ឌតម្រូវ និងនីតិវិធីផ្តល់ការទទួលស្គាល់ធនាគារពាណិជ្ជដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ឬក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ធ្វើជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ។
*ទី៣៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការផ្តល់ការទទួលស្គាល់ ក្រុមហ៊ុន អេស៊ី-លីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដើម្បីផ្តល់សេវាជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលនៅក្នុងវិស័យមូលបត្រ។
*ទី៤៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំអាជ្ញាបណ្ណឈ្មួញជើងសារមូលបត្រ និងឈ្នួញជើងសាឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុន ភ្នំពេញ យូ ហ៊្វែរ អ៊ិកឆេន ឯ.ក (PHNOM PENH YOU FAIR EXCHANGE CO.,LTD) ។
*ទី៥៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំអាជ្ញាបណ្ណ ធ្វើជាក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អេ ភី អិម (ខេមបូឌា) ស៊ីឃ្យួរឹធី ឯ.ក (APM (CAMBODIA) SECURITIES CO.,LTD)។
ដោយឡែក នៅក្នុងរបៀបវារៈផ្សេងៗ អង្គប្រជុំបានស្តាប់ការរាយការណ៍ពីវឌ្ឍនភាពនៃការងារបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលរបស់ក្រុមហ៊ុន និងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនផងដែរ៕