(ភ្នំពេញ)៖ លោកគ្រូ និងអ្នកគ្រូជាង៤០០នាក់ ដែលមកពីសាលាបង្រៀនរបស់រដ្ឋ និងឯកជន (សាលាភាសា និងសាលាអន្តរជាតិ) ប្រមាណ៧០សាលា ទៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨នេះ ទទួលបានការបណ្តុះបណ្តាល ពីរបៀបប្រើប្រាស់សៀវភៅអប់រំ ដើម្បីបង្រៀនសិស្សឲ្យបានត្រឹមត្រូវ ពីអ្នកជំនាញជនជាតិកាណាដា ដែលមានបទពិសោធន៍ ក្នុងវិស័យអប់រំជាង១០ឆ្នាំ។
លោក ជា ស៊ុនសុពណ៌ នាយកគ្រប់គ្រងក្រុមហ៊ុន Royal Platinum Educantion ដែលនាំចូលសៀវភៅសិក្សាភាសាអង់គ្លេស និងភាសាចិនពីបរទេស ហើយបានសហការរៀបចំសិក្ខាសាលា អំពីការប្រើប្រាស់សៀវភៅអប់រំ នៅអគារ CKCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែឧសភានេះ បានបញ្ជាក់ថា គោលបំណងដែលយើងរៀបចំនូវកម្មវិធីនេះ ដើម្បីចូលរួមក្នុងការជំរុញអភិវឌ្ឍន៍ របស់វិស័យអប់រំកម្ពុជា តាមរយៈការចែករំលែកនូវចំណេះដឹង ក្នុងការប្រើប្រាស់សៀវភៅឲ្យបានត្រឹមត្រូវ នៅតាមសាលារៀន។
លោកថា គ្រូៗដែលមកចូលរួមកម្មវិធីនេះ នឹងទទួលបានចំណេះដឹង និងទិកនិចក្នុងការបង្រៀន, មានឱកាសឲ្យគ្រូៗរបស់យើង បានជួបផ្ទាល់ជាមួយអ្នកនិពន្ធសៀវភៅបរទេស ដើម្បីសាកសួរនូវចម្ងល់ផ្សេងៗ អភិវឌ្ឍន៍វិធីសាស្ត្រក្នុងការបង្រៀនសិស្សឲ្យចាប់ចេះចាំ, គ្រូៗអាចនឹងមានទំនាក់ទំនង ជាមួយគ្រូៗមកពីបណ្តាលប្រទេសផ្សេងៗ ក្នុងចែករំលែកចំណេះដឹងពីរវាងគ្នានិងគ្នាផងដែរ។
នាយកគ្រប់គ្រងរូបនេះបានលើកឡើងថា «ខ្ញុំយល់ឃើញថា វិស័យអប់រំមានសារៈសំខាន់ណាស់ ក្នុងការកសាងធនធានរបស់ប្រជាជន យើងនៅពេលអនាគត។ ប្រទេសដែលមានប្រព័ន្ធអប់រំល្អ គឺជាប្រទេសដែលជឿនលឿន។ មិនថារឿងអ្វីកើតឡើងទេ គ្មានទ្រព្យសម្បត្តិណាស្មើនឹងចំណេះដឹងនោះទេ ដូច្នេះហើយទើបយើងព្យាយាម ចូលរួមចំណែកជួយដល់វិស័យអប់រំ តាមដែលអាចធ្វើទៅបាន។ ខ្ញុំជឿថា លោកគ្រូអ្នកគ្រូដែលមកចូលរួមក្នុងកម្មវិធីនេះក៏ដូចគ្នា គឺសុទ្ធតែជាអ្នកស្រឡាញ់វិស័យអប់រំ ព្រោះគាត់សុខចិត្ត ចំណាយពេលចុងសប្តាហ៍ជាមួយគ្រួសាររបស់គាត់ សុខចិត្តមករៀនសូត្រ ដើម្បីយកបទពិសោធន៍ ទៅបង្រៀនសិស្សតាមសាលា និងស្ថាប័នអប់រំផ្សេងៗនៅទូទាំងប្រទេស»៕