(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានសហការជាមួយអ្នកជំនួញមូស្លីម បង្កើតបានអាហារដ្ឋានបម្រើអាហារមូស្លីម លើកដំបូងគេ ដើម្បីសម្រួលដល់ការបរិភោគអាហារ របស់និស្សិតមូស្លីម ជាង៣០០នាក់ ដែលកំពុងសិក្សារៀនសូត្រ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
អាហារដ្ឋានបម្រើអាហារមូស្លីមនេះ មានឈ្មោះថា « NISSET EATERY » ដែលបង្កើតឡើងដោយកូនចៅជំនាន់ក្រោយរបស់លោក ម៉ាត់ លី ដែលជាថ្នាក់ដឹកនាំមូស្លីម មានប្រវត្ថិច្បាស់លាស់ លើការគោរពសាសនាមូស្លីម តាំងពីដើមរៀងមក។ ក្នុងពិិសម្ភោធដាក់ឲ្យប្រើប្រាស់នេះ ជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ ដែលជាកូនស្រីពៅរបស់លោក ម៉ាត់ លី និងលោក ណុស ស្លេស អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានចូលរួមផងដែរ។
អាហារដ្ឋានមួយនេះ មានបម្រើអាហារមូស្លីម សម្រាប់បរិភោគ ដោយមិនឲ្យខុសទៅនឹងសាសនាមូស្លីមឡើយ។ ក្រៅពីនេះ « NISSET EATERY » ក៏មានការតាំងលំអរ និងរចនាម៉ូត របៀបកន្លែងអង្គុយលំហែ កាយ បែបសាមញ្ញា តែមានផាសុខភាព លាយឡំនឹងដើមរុក្ខជាតិ នៅព័ទ្ធជុំវិញផងដែរ។
លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា នេះជាអាហារដ្ឋានបម្រើអាហារមូស្លីម លើកដំបូងហើយ ដែលសាកលវិទ្យាល័យ បានបង្កើតឡើង ដើម្បីសម្រួលដល់ការបរិភោគអាហារ របស់និស្សិតម៉ូស្លីម ជាង៣០០នាក់។
លោក ជេត ជាលី បានបន្ថែមថា ក្រៅពីការសម្រួលទៅដល់ពួកគាត់ ការបង្កើតអាហារដ្ឋាននេះ ក៏បានបានផ្តល់ឳកាសឲ្យនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញទទួលបានការងារធ្វើ ផ្តល់ជូនកន្លែងសិក្សាប្រកបដោយផាសុខភាពល្អជាងមុន ដល់និស្សិតសាកលវិទ្យាល័យ។ ក្រៅពីការងារនៅទីនេះ និស្សិតRUPP ក៏ទទួលបានការងារជាច្រើនទៀត ដូចជានៅហាងកាហ្វេរបស់សាកលវិទ្យាល័យ និងនៅតាមការិយាល័យជាច្រើនទៀត ទៅតាមផ្នែកនីមួយៗ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សាកលវិទ្យាធិការRUPP រូបនេះ បានបញ្ជាក់ថា ការបង្កើតនេះ ក៏ដើម្បីឆ្លើយតបទៅការស្នើសុំរបស់ និស្សិតមូស្លីមប្រមាណ៣០០នាក់ ដែលបាន ស្នើសុំមក សាកលវិទ្យាល័យឲ្យមាន កន្លែងថ្វាយបង្គុំ និងអាហារដ្ឋានមួយកន្លែង (កង់ទីង) ដែលមានបម្រើអាហារសម្រាប់និស្សិតមូស្លីម។
លោកសង្ឃឹមថា កន្លែងមួយនេះ ក៏ជាកន្លែងដែលនិស្សិតនិយមចូលចិត្ត មកទទួលទានអាហារ និងអង្គុយលេង អង្គុយមើលសៀវភៅ និងជជែកគ្នាផងដែរ។
យុវជន ឯល យ៉ាក់កូប ប្រធាននិស្សិតមូស្លីមនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា ការបើកឲ្យមានអាហារដ្ឋានបម្រើអាហារមូស្លីមនេះ គឺបានជួយសម្រាលបន្ទុកដល់និស្សិតមូស្លីម បានច្រើនណាស់ ដោយសារថា អ្នកកាន់សាសនាមូស្លីម គឺការហូបចុកត្រឹមត្រូវ មិនអាចញុំាអាហារតាមតែចិត្តបាននោះទេ ចឹងការបង្កើតឲ្យមានអាហារដ្ឋាននេះ អាចជួយឲ្យពួកគាត់មានភាពងាយស្រួលជាងមុន ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅផ្ទះទៅមកដូចមុន ហើយអាចធ្វើឲ្យពួកគាត់ មានអារម្មណ៍ផ្តោតលើការងារសិក្សាបានច្រើនជាងមុន។
តំណាងឲ្យនិស្សិតមូស្លីមនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវជន ឯល យ៉ាក់កូប បានថ្លែងអំណរគុណដល់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងថ្នាក់ដឹកនាំទាំងអស់ ដែលបានយកចិត្តទុកដាក់ លើនិស្សិតមូស្លីម ក៏ដូចជា និស្សិតទាំងអស់ ដែលសិក្សានៅRUPPផងដែរ។
ជាមួយគ្នានោះ លោក ជេត ជាលី ក៏បានស្នើសុំឲ្យនិស្សិតគោរពច្បាប់ឲ្យបានគ្រប់ៗគ្នាទាំងច្បាប់នៅក្នុងសាលា និងនៅក្នុងសង្គមរស់នៅប្រចាំថ្ងៃ និងត្រូវខិតខំរៀនសូត្រ ឲ្យបានពូកែ ក្លាយជាសិស្សល្អ កូនល្អ និងពលករដ្ឋល្អ ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់៕