(អាមេរិក)៖ ព្រឹទ្ធសភាអាមេរិកបានបញ្ជាក់ថា លោក Mike Pompeo ជារដ្ឋមន្រ្តីក្រសួងបរទេសសហរដ្ឋអាមេរិក នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្តិច នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ។
ការដាក់អតីតប្រធាន CIA ក្នុងតួនាទីសំខាន់មួយនេះ គឺគោលបំណងដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកគោលនយោបាយការបរទេសរបស់អាមេរិកដូចជា កូរ៉េខាងជើង និងអ៊ីរ៉ង់។
សូមជំរាបថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបទៀត បានជួបជាមួយលោក គីម ជុងអ៊ុន ជាសំងាត់ក្នុងទីក្រុងព្យុងយ៉ាង កាលពីប៉ុន្មានសប្ដាហ៍មុននេះ ដើម្បីជាការត្រួសត្រាយផ្លូវ សម្រាប់ជំនួបដោយផ្ទាល់រវាង លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨៕