(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរ និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដារ្យ ម៉ម ប៊ុនហេង, លោកស្រី ផូលីន ថេមេស៊ីស (Pauline Tamesis) តំណាងថ្មីនៃជាអ្នកសម្របសម្រួលអង្គការសហប្រជាតិនៅកម្ពុជា UNDP បានថ្លែងបញ្ជាក់ពីជំហរ នៃការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើវិស័យសុខាភិបាល ក្នុងការគ្របដណ្ដប់សេវាសុខភាពជាសកល ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងឲ្យដឹងក្នុងកិច្ចជំនួប ដែលធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នាទីស្ដីការក្រសួងសុខាភិបាលថា លោកស្រីតំណាង UNDP ថ្មីប្រចាំកម្ពុជា បានសម្ដែងការអបអរសាទរដែលឃើញវិស័យសុខាភិបាលមានការអភិវឌ្ឍរីកចម្រើននៅកម្ពុជា។ លោកបានបន្តថា ក្រសួងសុខាភិបាលអរគុណដល់អង្គការសហប្រជាជាតិ ដែលបានជួយជ្រោមជ្រែងការងាររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល ធ្វើឲ្យសម្រេចជោគជ័យគោលដៅសហសវត្សក្នុងការកំណត់ និងធ្វើជាមួយគ្នាប្រកបដោយចីរភាព មិនថា១០ឆ្នាំ ឬ៣០ឆ្នាំទៀត។
លោក ម៉ម ប៊ុន ហេង បានបញ្ជាក់ដោយបង្ហាញពីគោលជំហររបស់តំណាង UNDP ថ្មីប្រចាំនៅកម្ពុជាថា «យើងនឹងខិតខំធ្វើការនេះជាមួយគ្នាដើម្បីគ្រប់ដណ្តប់សេវាសុខភាពជាសាកល ដើម្បីធ្វើឲ្យប្រជាពលរដ្ឋរបស់យើងទទួលបានការថែទាំងប្រកបដោយគុណភាព ហើយនឹងប្រសិទ្ធិភាព ជាទូទៅទូទាំងប្រទេស ទាំងប្រជាជនមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ទាំងប្រជាជនមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ហើយទាំងគ្រប់ទីកន្លែង ទាំងនៅទីក្រុង និងនៅជនបទ»។
ជាចុងក្រោយ លោករដ្ឋមន្ត្រីបានបន្ថែមថា កិច្ចសហប្រតិបត្តិការរួមគ្នានេះ នឹងប្រឹងប្រែងធ្វើយ៉ាងណាដើម្បីបង្កើនសមត្ថភាពក្នុងការថែទាំ និងព្យាបាលជម្ងឺរ៉ាំរ៉ៃ ជម្ងឺមហារីក ជម្ងឺទឹកនោមផ្អែម បេះដូង សរសៃឈាម ហើយគិតគូរបង្កើនអាហាររូបត្ថម្ភដល់ស្ត្រី ហើយនឹងខិតខំបង្កើនជីវជាតិនៅក្នុងអំបិលលាយអ៊ីយ៉ូត និងជីវជាតិដែកនៅក្នុងទឹកត្រីផងដែរ៕