(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជា អធិបតីក្នុងពិធីបើកឲ្យប្រើប្រាស់ស្ពានអាកាសផ្សារដីហុយជាបណ្ដោះអាសន្ន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច អាជ្ញាធរពាក់ព័ន្ធ តំណាងក្រុមហ៊ុនសំណង់សៀងហៃគ្រុប តំណាងក្រុមហ៊ុនក្វាងចូវ និងប្រជាពលរដ្ឋ។
ស្ពាននេះមានបណ្ដោយប្រវែង ៦១០ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ មាន០៤គន្លង (២គន្លងទៅ ២គន្លងមក) ផ្លូវក្រោមកាត់ស្ពាន២៣ម៉ែត្រ និងកម្ពស់៥,៥ម៉ែត្រ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាសំណង់ក្វាងចូវវ៉ានអាន ចំណាយថវិកាអស់ ប្រមាណ១៦,៧៨លានដុល្លារ។
ស្ពាននេះស្ថិតក្នុងគម្រោងក្រវ៉ាត់ក្រុងទី២ ដែលមានប្រវែង១៦,៥គីឡូម៉ែត្រ ដែលចំណាយថវិកាទាំងស្ពាន និងផ្លូវសរុបប្រមាណ៦១លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ស្ពាននេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសហព័ន្ធរុស្សី ដែលកន្លងមកប្រជាពលរដ្ឋតែងមានការត្អូញត្អែរជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ខាងមុខនេះ រាជរដ្ឋាភិបាលបានបើកឱ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវផ្សារដីហុយ។
សូមជម្រាបជូនថា នៅក្នុងអំឡុងពេលនៃការបើកឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ ឡានធំៗមិនទាន់ ត្រូវបានអនុញ្ញាតឱ្យបើកបរឆ្លងកាត់នៅឡើយទេ រង់ចាំការសាងសង់ត្រូវបានបញ្ចប់១០០ភាគរយសិន។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ស្ពានអាកាសខ្វាត់ខ្វែងក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ គឺជាសមិទ្ធផលដែលកើតចេញពីសុខសន្តិភាព និងស្ថេរភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្រុមហ៊ុនទាំងពីរ ដែលបានចូលរួមសហការ និងសាងសង់ស្ពានអាកាសនេះឱ្យសម្រេចបានជោគជ័យតាមមហិច្ឆិតាអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងខាងមុខនេះ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បើកបរដោយគោរពច្បាប់ចរាចរណ៍ យោគយល់អធ្យាស្រ័យគ្នា និងមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសសូមកុំបើកបរក្នុងស្ថានភាពស្រវឹង ងងុយគេង និងសូមជូនពរឱ្យជួបតែសេចក្ដីសុខ សប្បាយក្នុងការធ្វើដំណើរទាំងទៅទាំងមក៕