(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសង្គមកិច្ច នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងសង្គមកិច្ច ក្នុងឱកាសផ្លាស់ចូលឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២។

បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៅទីស្ដីក្រសួងសង្គមកិច្ចរួចហើយ រដ្ឋមន្ត្រី វង​ សូត ក៏បានរៀបចំពិធីជប់លៀង ជូនដល់មន្រ្តីក្រសួងទាំងអស់ ដើម្បីជាការលើកទឹកចិត្ត ដែលបានបំពេញការងារ ទាំងកម្លាំងកាយចិត្ត។

គួរបញ្ជាក់ថា ស្ដែងចេញពីកិច្ចខិតខំរបស់លោករដ្ឋមន្ត្រី វង សូត រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសង្គមកិច្ច ពិសេសក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំថ្កុំថ្កើន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាបន្តបន្ទាប់។

សូមជម្រាបថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក នឹងចូលមកដល់នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ពុទ្ធសករាជ ២៥៦២ មហាសករាជ ១៩៤០ ចុល្លសករាជ ១៣៨០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០១៨ វេលាម៉ោង ៩៖១២នាទី។

១. ទេវតាឆ្នាំថ្មីព្រះនាម «មហោធរៈទេវី» ជាបុត្រីទី៧នៃកបិលមហាព្រហ្ម
២. ទ្រង់គ្រឿងលម្អ និងផ្កាឈើ
៣. អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត
៤. ភក្សហារសាច់ទ្រាយ (សោយសាច់ឈ្លូស)
៥. សាស្រ្ដាវុធ ព្រហស្ថស្ដាំកាន់កងចក្រ ព្រហស្ថឆ្វេងកាន់ត្រីសូល៍
៦. ពាហណៈ ស្ដេចឈរបើកព្រះនេត្រលើខ្នងមយូរា (ស្ដេចក្ងោក)៕