(ភ្នំពេញ)៖ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ រាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយមានការចូលរួមពី ក្រុមប្រឹក្សាភិបាល​ និងអង្គភាពចំណុះទាំងអស់ របស់ស៊ីម៉ាក់។

ការរៀបចំពិធីសូត្រមន្ដនេះ ធ្វើឡើងក្នុងគោលបំណងសុំពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការស៊ីម៉ាក់ ព្រមទាំងប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជា ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យបន្ថែមទៀត នៅគ្រប់ភារកិច្ចរបស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំ ប្រពៃ​ណី​ជាតិខ្មែរ ឆ្នាំច នព្វស័ក ពុទ្ធសករាជ ២៥៦២ ខាងមុខនេះ។

ក្នុងពិធីសូត្រមន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មីនេះ​ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ក៏បានជួបនិវត្តន៍ជន ​និងអ្នកពិការជាបុគ្គលិកស៊ីម៉ាក់​ ដើម្បីសំណេះសំណាល និងផ្តល់ការលើកទឹកចិត្ត និងអរគុណក្នុងការចូលរួម ការងារសង្គមផងដែរ។

លោក ហេង រតនា ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការស៊ីម៉ាក់ សូមផលបុណ្យកុសលទាំងឡាយ បានដល់វរៈជន​ យុទ្ធជនយុទ្ធនារី​ ដែលបានពលីជីវិត​ ដើម្បីជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ព្រមទាំងប្រជាជន និងប្រទេសជាតិ ទាំងមូលមានសុខសន្តិភាព​ ឯករាជ្យ​ និងការអភិវឌ្ឍន៍។

សូមជម្រាបថា សង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក នឹងចូលមកដល់នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ពុទ្ធសករាជ ២៥៦២ មហាសករាជ ១៩៤០ ចុល្លសករាជ ១៣៨០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០១៨ វេលាម៉ោង ០៩៖១២នាទី។

១៖ ទេវតាឆ្នាំថ្មីព្រះនាម «មហោធរៈទេវី» ជាបុត្រីទី៧ នៃកបិលមហាព្រហ្ម។
២៖ ទ្រង់គ្រឿងលម្អ និងផ្កាឈើ។
៣៖ អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត។
៤៖ ភក្សហារសាច់ទ្រាយ (សោយសាច់ឈ្លូស)។
៥៖ សាស្រ្ដាវុធ ព្រហស្ថស្ដាំកាន់កងចក្រ ព្រហស្ថឆ្វេងកាន់ត្រីសូល៍។
៦៖ ពាហណៈ ស្ដេចឈរបើកព្រះនេត្រលើខ្នងមយូរា (ស្ដេចក្ងោក)៕