(កណ្តាល)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងការងារស្រុកកោះធំ លោក ស៊ុន ចាន់ថុល បានថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងស្រុកកោះធំ ខេត្តកណ្តាលថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតដើម្បីនាំមកនូវការអភិវឌ្ឍ និងភាពសម្បូររុងរឿងសម្រាប់ជាតិកម្ពុជា។ ជាពិសេស គឺជាការបោះឆ្នោតគាំទ្រនូវសុខសន្តិភាពដែលកំពុងមាននៅក្នុងប្រទេសកម្ពុជាតែម្តង។
លោក ស៊ុន ចាន់ថុល ដែលមានឋានៈក្នុងជួររាជរដ្ឋាភិបាលជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៥៦២នាក់មកពីភូមិចំនួន១១ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨នេះ។
នៅចំពោះមុខប្រជាពលរដ្ឋលោក ស៊ុន ចាន់ថុល បានលើកបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្រោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន ហើយក៏បានបង្ហាញនូវសមិទ្ធផលជាច្រើនកើតចេញពីកិច្ចប្រឹងប្រែងនេះផងដែរ។
លោក ស៊ុន ចាន់ថុល បានថ្លែងដូច្នេះ «ការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសដោយបាតដៃទទេរហូតដល់មានការអភិវឌ្ឍសេដ្ឋកិច្ចក្នុងកម្រិត ៧.៥ភាគរយក្នុងមួយឆ្នាំ សមិទ្ធផលសម្រេចបានសំខាន់ៗនៅស្រុកកោះធំរួមមានបណ្តាញផ្លូវថ្នល់ប្រព័ន្ធធារាសាស្ត្រ ការដាក់ឲ្យដំណើរការនាវាដឹកអ្នកដំណើរព្រែកព្នៅ-ក្រុងតាខ្មៅ ការដាក់ឲ្យដំណើរការឡើងវិញនូវផ្លូវដែកពីប៉ោយប៉ែត-សិរីសោភ័ណ ក្រោយកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល ៤៥ឆ្នាំ ដែលអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃរហូតដល់ដំណាច់ខែកក្កដា និងការដាក់ឲ្យដំណើរការផ្លូវដែកពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញឆាប់ៗនេះ»។
លោក ស៊ុន ចាន់ថុល ដែលជាអ្នកមានកំណើតលើទឹកដីស្រុកកោះធំដែរនោះ ក៏បានសំណូមពរប្រជាពលរដ្ឋចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបានអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនថែមទៀត។
ជាមួយគ្នានោះ លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់អ្នកស្រុកកោះធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស រួបរួមគ្នាការពារ និងថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយឲ្យបានគង់វង្ស ដើម្បីទាក់ទាញវិនិយោគិនបង្កើតការងារធ្វើ កាត់បន្ថយភាពក្រីក្រ រួមចំណែកដល់ការកសាងប្រទេសជាតិមាតុភូមិឲ្យកាន់តែមានការរីកចម្រើនថែមទៀត។
ក្រោយពីពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក ស៊ុន ចាន់ថុល បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ ដែលអញ្ជើញមកទទូលការពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រសម្តេចតេជោ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ព្រែកតាដួង ឃុំព្រែកតាដួង ស្រុកកោះធំ ខេត្តកណ្តាលផងដែរ៕