(ភ្នំពេញ)៖ លោក ស្រ៊ុន គឹមយ៉ីន និងក្រុមគ្រួសារ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ បានឧបត្ថម្ភថវិកាចំនួន៣២,១៦៨ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារ នៅក្នុងប្រទេសកម្ពុជា ជាច្រើនរូប។
ថវិកាចំនួន ៣២,១៦៨ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាខាងលើនេះ ជាថវិកាដែលលោក ស្រ៊ុន គឹមយ៉ីន ប្រមូលបាន ពីការរៀបចំពិធី បុណ្យចម្រើនព្រះជន្ម ប្រគេនទេយ្យ វត្ថុ១០៨អង្គ ខួបអាពាហ៍ពិពាហ៍គម្រប់៤២ឆ្នាំ និងពីធីឡើងគេហដ្ឋានថ្មី យ៉ាងអធិកអធម និងសប្បាយរីករាយក្រៃលែង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។
ថ្លែងក្នុងពិធីសប្បុរសធម៌នេះ លោក ស្រ៊ុន គឹមយ៉ីន បានថ្លែងថា គោលបំណង នៃការរៀបចំពិធីនេះឡើង ដើម្បីអបអរសាទរ និងយកឱកាសដ៏វិសេសវិសាលនេះ រួមគ្នាធ្វើបុណ្យកុសល ដោយទឹកចិត្ត សទ្ធា ជ្រះថ្លា តាមរយៈការយកថវិកាទាំងអស់ ដែលទទួលបានពីការរៀបចំពិធីឡើងគេហដ្ឋានថ្មី ទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការថវិកាយ៉ាងច្រើន សម្រាប់ដំណើរការមន្ទីរពេទ្យ។
លោកបានបន្ដទៀតថា «លោកមិនអាចបិទភ្នែក មើលឃើញកុមារតូចៗ បាត់បង់ជីវិត ដោយសារតែការបិទទ្វា របស់មន្ទីរពេទ្យគន្ធបុប្ផានោះទេ។ ការបរិច្ចាគរបស់លោក និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ អាចជាច្រកមួយ ជាគំរូមួយ និងជាកាយវិការដ៏ល្អ នៃវប្បធម៌ចែករំលែក និងមនុស្សធម៌ សម្រាប់ជាសារមួយ ជូនដល់អ្នកដែលមានធនធាន មានទ្រព្យសម្បត្ដិ ទុកជាគំនិតពិចារណ»។
សូមជម្រាបថា ពិធីបុណ្យចម្រើនព្រះជន្ម ប្រគេនទេយ្យ វត្ថុ១០៨អង្គ ខួបអាពាហ៍ពិពាហ៍គម្រប់៤២ឆ្នាំ និងពីធីឡើងគេហដ្ឋានថ្មី របស់លោក ស្រ៊ុន គឹមយ៉ីន ត្រូវបានធ្វើឡើងនៅ គេហដ្ឋានលេខ៧៩ ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមទាំងមានការចូលរួមពី អ្នកឧកញ៉ា លោកឧកញ៉ាល្បីៗ និងបងប្អូនញាតិមិត្តជិតឆ្ងាយជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យមួយ ដែលធ្វើការព្យាបាលកុមារទូទៅនៅកម្ពុជា ដោយមិនគិតថ្លៃ ដោយគ្មានការរើសអើង គ្មាននិន្នាការប្រកាន់ ដល់កុមារណាមួយឡើយ៕