(ពិភពលោក)៖ ក្នុងអំឡុងរយៈពេលប្រាំទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចរបស់អាស៊ីបានពឹងផ្អែកទៅលើការអភិវឌ្ឍគំរូនៃការនាំចេញ ដើម្បីជំរុញកំណែទម្រង់ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ជាអកុសល ប្រធានាធិបតីសហរដ្ឋអាមេរិច លោក ដូណាល់ត្រាំ បំពេញតាមការសន្យាដោយអនុម័ត គោលនយោបាយគាំពារនិយម (protectionist: គោលនយោបាយការពារផលិតផលក្នុងស្រុកតាមរយៈការតម្លើងពន្ធនាំចូល) ដែលកិច្ចខិតខំប្រឹងប្រែងនេះ អាចធ្វើឱ្យសហរដ្ឋអាមេរិក ប្រឈមមុខនឹងការសងសឹក ពីសំណាក់ប្រទេសដទៃទៀត។
កាលពីឆ្នាំមុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ព្រមទាំងបានធ្វើកិច្ចចរចារស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយកូរ៉េខាងត្បូង លើកឡើងនូវរនាំងពន្ធ លើការនាំចូល ម៉ាស៊ីនបោកគក់និងបន្ទះថាមពលពន្លឺព្រះអាទិត្យ ពីប្រទេសចិន និងកូរ៉េខាងត្បូង។ បច្ចុប្បន្ន សេតវិមានបានប្រកាសយកពន្ធ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលត្រូវបានគេសន្មតថា ជាគោលនយោបាយដើម្បីពង្រឹងសន្តិសុខជាតិ។
កំណែទម្រង់ថ្មីនេះ ត្រូវបានគេហៅថា ជាការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយសារសហរដ្ឋអាមេរិក ធ្លាប់ជាអ្នកនាំមុខគេក្នុងការធ្វើពាណិជ្ជកម្មសេរីចាប់តាំងពីឆ្នាំ១៩៣០មក។ ការវិភាគដោយស៊ីជម្រៅ ការប្រកាន់របបគាំពារនិយមរបស់សហរដ្ឋអាមេរិក ជាការជួយការផលិតផលក្នុងស្រុក តាមរយៈការបង្កើនពន្ធលើការនាំចូល វាពិតជាផ្តល់ផលចំណេញតែតិចតួចប៉ុណ្ណោះ បើធៀបនឹងការខាតបង់។
ឧទាហរណ៍ ការបង្កើនពន្ធលើការនាំចូលដែកថែប នឹងជួយផ្តល់ការងារដល់កម្មករមួយចំនួនតូច ក្នុងវិស័យឧស្សាហកម្មដែកថែប ប៉ុន្តែវានឹងប៉ះពាល់ដល់ចំនួនកម្មករមួយភាគធំ ដែលកំពុងធ្វើការនៅតាមឧស្សាហកម្មមួយដូចជាផ្នែកសាងសង់ ផ្នែកផលិតរថយន្តជាដើម។ សម្រាប់វិធានការបែបថ្មី ពិតជាមិនអាចស្ដារការធ្លាក់ចុះ នៃឧស្សាហកម្មតាមបែបប្រពៃណីនៅសហរដ្ឋអាមេរិកបានឡើយ។
ទន្ទឹមនឹងនេះផងដែរនោះ ការលើករនាំងពន្ធគយ ក៏នឹងមិនអាចផ្ដល់អ្វីច្រើនសម្រាប់ តុល្យភាពពាណិជ្ជកម្មអាមេរិកផងដែរ។ ផ្ទុយទៅវិញ ពន្ធ ដែលប្រធានាធិបតីរូបនេះបង្កើតឡើង នឹងបង្កហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មសកលទៅវិញនោះទេ។
យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលចិន និងសារព័ត៌មាន Global Times បានឱ្យដឹងថាប្រទេស ចិនកំពុងតែត្រៀមខ្លួន ចំពោះសង្គ្រាមថ្មីនេះ។ ជាការឆ្លើយតបទៅនឹងការរឹតបន្តឹងវិស័យពាណិជ្ជកម្ម ប្រទេសចិន នឹងរឹតត្បិតការនាំចូលយន្តហោះ ឬផលិតផលកសិកម្មមួយចំនួន ពីសហរដ្ឋអាមេរិក។
ការពិតទៅ មិនមែនមានតែប្រទេស ចិន ដែលជាគូប្រជែងអាមេរិកនោះទេដែលត្រៀមខ្លួនទប់ទល់នឹងសង្គ្រាមពាណិជ្ជកម្មនេះ សូម្បីតែសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកផ្ទាល់ក៏កំពុងត្រៀមខ្លួនផងដែរ។ មុនពេលសហភាពអឺរ៉ុបទទួលបានការពន្យារពេលចុងក្រោយ ទៅលើការនាំចូល ដែកថែប និងអាលុយមីញ៉ូមនោះ បណ្តាប្រទេសទាំងនោះបានប្រកាសថា ខ្លួនកំពុងពិចារណាសងសឹកអាមេរិកវិញ ដោយបង្កើនពន្ធលើផលិតមួយចំនួនរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមាន ផលិតផលស្រាវីស្គី និងម៉ូតូជាដើម តបនឹងការគំរាមគំហែងលើផលិតផលរថយន្តអឺរ៉ុប។
ទន្ទឹមនឹងនេះដែរប្រទេសនៅអឺរ៉ុប និងអាស៊ីដូចជាឥណ្ឌា និងឥណ្ឌូនេស៊ី ជាដើម ក៏កំពុងរៀបចំចាត់វិធានការបម្រុកទុកផងដែរ។ អ្វីដែលយើងគួរចាប់អារម្មណ៍ តាមរយៈប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានលើកឡើងថា គ្មានអ្នកណាឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ។ មានន័យ សង្គ្រាមពាណិជ្ជកម្ម មានតែផ្ដល់ការខាតបង់សម្រាប់ទាំងសងខាងតែប៉ុណ្ណោះ។
សង្រ្គាមពាណិជ្ជកម្មពិភពលោកនឹងធ្វើឱ្យខូចខាតដល់ការរើបឡើងវិញនៃសេដ្ឋកិច្ចដែលធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្ម អ្នកប្រើប្រាស់ សង្វាក់ផ្គត់ផ្គង់សកល ព្រមទាំងបង្កើនតម្លៃទំនិញនាំចូលផងដែរ។ ក្នុងស្ថានភាពនេះ បណ្តាប្រទេសមួយចំនួន នៅអាស៊ី ដែលពឹងផ្អែកលើការនាំចេញដូចជាប្រទេស វៀតណាម (ការនាំចេញស្មើ៩០ភាគរយនៃផលិតផលក្នុងស្រុកសរុប) ម៉ាឡេស៊ី (ការនាំចេញស្មើ៧១ភាគរយ នៃផលិតផលក្នុងស្រុកសរុប) និងកូរ៉េខាងត្បូង (ការនាំចេញស្មើ៤៥ភាគរយនៃផលិតផលក្នុងស្រុកសរុប) ប្រទេសទាំងនេះ នឹងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងស្ថានភាពសង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយសហរដ្ឋអាមេរិក។
ដើម្បីកាត់បន្ថយហានិភ័យហានិភ័យសេដ្ឋកិច្ច ប្រទេស នៅអាស៊ីត្រូវតែដើរតួនាទីយ៉ាងសកម្មក្នុងការរក្សាការធ្វើពាណិជ្ជកម្មសេរី ការធ្វើកិច្ចសហការគ្នា ដោយប្រើប្រាស់វេទិកាអន្តរជាតិមួយចំនួនដូចជាក្រុមប្រទេស G20 និងអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីកែលម្អការត្រួតពិនិត្យពាណិជ្ជកម្មសកល កាត់បន្ថយភាពតានតឹងពាណិជ្ជកម្មជាដើម។
ជាមួយគ្នានេះដែរ ដើម្បីលើកកម្ពស់ឱកាសនៃភាពជោគជ័យសេដ្ឋកិច្ច តំបន់អាស៊ីគួរតែលុបបំបាត់ចោលវិធានការណ៍គាំពារនិយមណាមួយនៅក្នុងទីផ្សារក្នុងតំបន់ ទប់ស្កាត់ពីការសម្រុកទម្លាក់ផលិតផលលើសទៅក្នុងទីផ្សារសកលជាមួយនឹងតម្លៃថោក។ ប្រទេសចិនដែលទទួលរងការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងជប៉ុន ចំពោះការអនុវត្តន៍គោលនយោបាយពាណិជ្ជកម្មមិនសមស្របផ្សេងៗ ពិតជាមានទទួលខុសត្រូវខ្ពស់ចំពោះបញ្ហានេះ។
ប្រទេស នៅអាស៊ីក៏គួរតែលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។ ប្រទេសជាសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ រួមជាមួយ ៦ប្រទេសផ្សេងទៀត មានអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់ បានព្រមព្រៀងគ្នារួចហើយ ក្នុងការបង្កើតភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់។ កិច្ចព្រមព្រៀងនោះអាចបង្កើនភាពស៊ីជម្រៅទៅលើវិស័យពាណិជ្ជកម្មក្នុងតំបន់។
ប្រទេសសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកចំនួនប្រាំពីរ ដែលក្នុងនោះ ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ប៊្រុយណេ ម៉ាឡេស៊ី សឹង្ហបុរី និងវៀតណាម បានចុះហត្ថលេខាលើកតិកាមួយដែលបន្តពីកិច្ចព្រមព្រៀង TPP ដែលមានតម្លៃសរុបស្មើនឹងចំនួន១៣,៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកទាំងមូល ហើយកំពុងបើកចំហសម្រាប់សមាជិកផ្សេងទៀត។
សម្រាប់ប្រទេស កូរ៉េខាងត្បូងតៃវ៉ាន់ ថៃ ហ្វីលីពីន និងស្រីលង្កា ត្រូវបានគេមើលឃើញថាជាប្រទេស ប្រកបដោយសក្តានុពលនៃកិច្ចព្រមព្រៀងថ្មីនេះ ប្រសិនបើត្រូវបានដាក់បញ្ចូលធ្វើជាសមាជិក។ ហើយប្រសិនបើ ប្រទេសចិន ឬសហរដ្ឋអាមេរិកចូលរួមនោះ ផលវិជ្ជមាននៃកតិកាសញ្ញា នឹងមានច្រើនគួរឱ្យកត់សម្គាល់។
ចំណុចចុងក្រោយបំផុត ប្រទេសនៅអាស៊ី គួរតែពង្រឹងកំណើនសេដ្ឋកិច្ចក្នុងស្រុក រួមមានការវិនិយោគជាដើម ដែលអាចកាត់បន្ថយការពឹងផ្អែកទៅលើទីផ្សារក្រៅតំបន់។ ជាពិសេសពួកគេគួរបន្តគោលនយោបាយជំរុញ ការបង្កើតការងារប្រកបដោយគុណភាពជាដើម។ ប្រទេសនៅអាស៊ីគួរតែកែលម្អស្ថានភាពវិនិយោគ សម្រាប់ក្រុមហ៊ុនក្នុងស្រុកនិងបរទេស ដោយការលុបបំបាត់បទបញ្ជាហួសប្រមាណ ទាក់ទងផលិតផល ទីផ្សារការងារនិងទីផ្សារហិរញ្ញវត្ថុ។ ការវិនិយោគបន្ថែមទៀតលើវិស័យឧស្សាហកម្មសេវាកម្ម រួមមានដូចជាសេវាកម្មថែទាំសុខភាព ការអប់រំ សេវាទូរគមនាគមន៍ និងហិរញ្ញវត្ថុ ក៏ជាចំណែកជួយដល់កំណើនសេដ្ឋកិច្ចផងដែរ។
យើងដឹងហើយថា រដ្ឋាភិបាលលោក ដូណាល់ត្រាំ កំពុងព្យាយាមបង្កើតរនាំងសេដ្ឋកិច្ច តាមរយៈ របបគាំពារនិយម។ ប៉ុន្តែជាជាងការសងសឹកនាំតែខាតបង់កម្លាំងនោះ ប្រទេសនៅអាស៊ី គួរតែប្រើប្រាស់ការគំរាមកំហែងរបស់សហរដ្ឋអាមេរិច ប្រែក្លាយជាឱកាសមាស ដោយធ្វើកំណែទម្រង់សេដ្ឋកិច្ចដោយខ្លួនឯង ជម្រុញវិបុលភាពផ្ទាល់ខ្លួនទើបជាការប្រសើរ៕
បកប្រែ និងសម្រួលដោយ ៖ អ៊ឹត ចណ្ណា