(ភ្នំពេញ)៖ ភាពសាមគ្គីគ្នារបស់កូនខ្មែរ បានសហការរួមគ្នា ត្បាញក្រមា ដើម្បីបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក ប្រវែង១០០០ម៉ែត្រ នៅវាលព្រះមេរុ និងបង្កើតកម្មវិធីសិល្បៈបុរាណខ្មែរ រួមនឹងល្បែងប្រជាប្រិយជាច្រើន ដែលបានបង្កើតនូវភាពទាក់ទាញយ៉ាងខ្លាំង ដល់ភ្ញៀវទេសជាតិ និងអន្ដរជាតិ ។
លោក ប្រាក់ សោភ័ណ ប្រធានក្រុមល្បែងប្រជាប្រិយ បានលើកឡើងថា «បច្ចុប្បន្ននេះ នៅទីតាំងវាលព្រះមេរុ កាន់តែមានបងប្អូនខ្មែរយើង និងទេសចរណ៍អន្ដរជាតិ បានមកចូលរួមទស្សនា ច្រើនណាស់ ពីមួយទៅមួយទៅ ពិសេស ថ្ងៃសៅរ៍ និងអាទិត្យ ព្រោះយើងមានល្បែងប្រជាប្រិយជាច្រើនថែមទៀតផងដែរ ដល់ទៅ៦ប្រភេទ ដូចជា លេងលោត, លេងអ៊ូ, មួយកាំពីរកាំ, ទំពាំងឫស្សី, ទាញព្រ័ត្រ, ស្ដេចចង់, និងល្បែងប្រជាប្រិយជាច្រើនប្រភេទទៀត» ។
ល្បែងប្រជាប្រិយខ្មែរ ៦ប្រភេទដែលបានប្រារព្ធធ្វើឡើងនេះ ក៏ដើម្បីហាត់សមចូលរួមព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត»ផងដែរ ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់អ្នកចូលរួម ក្នុងការចូលរួមលេងកម្សាន្តនូវល្បែងប្រជាប្រិយនីមួយ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ ក្នុងខេត្ដសៀមរាប ។
ល្បែងប្រជាប្រិយនេះ ពិតជាសប្បាយរីករាយណាស់ បានធ្វើឲ្យក្រុមយុវជន និងអ្នកចូលរួមកម្សាន្ត ទំាងជាតិ និងអន្ដរជាតិជាច្រើន ស្រែកហូរ សើច ហើយល្បែងប្រជាប្រិយនេះ នឹងបង្កបរិកាសកាន់តែសប្បាយរីករាយបន្ថែមទៀត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ និងបង្កបរិយាកាសនៅទីតាំងនេះ ឲ្យមានភាពសប្បាយរីករាយផងដែរ។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងឆ្នាំនេះ ប្រារព្ធធ្វើឡើង ក្រោមប្រធានបទ «សាទរមរតកដូនតា» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប នឹងលើកយកនូវកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទំលាប់និងស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានរំលេចឡើងជាផ្ទាំងទស្សនីយ៍ភាពវប្បធម៌ជាច្រើន រហូតដល់ទៅ៣៣កម្មវិធីធំៗ ក៏ដូចជាការលេងល្បែងប្រជាប្រិយ៍ របាំបុរាណប្រពៃណី និងប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅ របស់ប្រជាជនខ្មែរ និងទស្សនីយ៍ភាពសិល្បៈ ជាច្រើនទម្រង់ទៀត ក្នុងនោះនឹងមានវត្ដមាន យុទ្ធនាការ «ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ដែលមានប្រវែងរហូតដល់ទៅ១០០០ម៉ែត្រផងដែរ ៕