(សេអ៊ូល)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបពិភាក្សាគ្នាកាលពីចុងសប្ដាហ៍កន្លងទៅ ស្ដីពីការលុប បំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ និងការរៀបចំត្រួសត្រាយផ្លូវសម្រាប់ជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។
យោងតាម អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Kim Eui-kyeom ជំនួបត្រីភាគីខាងលើ ត្រូវបានធ្វើឡើងនៅឯ ទីក្រុងសាន់ ហ្រា្វន់ស៊ីស្កូ សហរដ្ឋអាមេរិក ដោយមានការចូលរួមពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក McMaster ទីប្រឹក្សា សន្តិសុខជាតិជប៉ុន លោក Shotaro Yachi និងទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui-yong។ លោក Kim បន្ថែមទៀតថា នៅក្នុងជំនួបនោះដែរ អ្នកទាំងបីបានពិភាក្សាពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ក៏ដូចជាការ ពង្រឹងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ ព្រមទាំងការរៀបចំត្រួសត្រាយផ្លូវសម្រាប់ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងនៅខែចុងខែឧសភា។
គួររំលឹកថា បើតាម លោក Chung Eui-yong លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានយល់ព្រមជួបមុខគ្នានៅចុងខែ ឧសភា ខណៈកិច្ចប្រជុំកំពូលអន្តរកូរ៉េ គ្រោងនឹងត្រូវធ្វើឡើងនៅចុងខែមេសាខាងមុខនេះ៕