(ភ្នំពេញ)៖ ១៨ មីនា ២០១៨ មានរយៈពេល ៤៨ឆ្នាំហើយ ដែលរបបដ៏រុងរឿងក្នុងតំបន់អាស៊ី គឺរបបសង្គមរាស្ត្រនិយមរបស់សម្តេចព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នរោត្តម សីហនុ ត្រូវបានធ្វើរដ្ឋប្រហារដោយប្រមុខកងទ័ពសេនាប្រមុខ លន់ នល់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងបក្ខពួកដទៃទៀត។
របបសង្គមរាស្ត្រនិយមក្រោមព្រះរាជកិច្ចដឹកនាំដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលមិនត្រឹមតែប្រជាពលរដ្ឋខ្មែរនោះតែ បណ្តាប្រទេសនានាទាំងក្នុងតំបន់ និងលើសកលលោកសុទ្ធតែបានស្ញប់ស្ញែងថា ជារបបមួយដ៏រីកចម្រើន និងរុងរឿងជាទីបំផុត។ បើទោះបីរបបមួយនេះ មានការរីកចម្រើន និងរុងរឿងល្បីខ្ទរខ្ទារយ៉ាងនេះក្តី ក៏នៅមានប្រជាពលរដ្ឋមួយចំនួន រួមទាំងនយោបាយផងដែរបានសម្តែងការមិនពេញចិត្ត ហើយក៏មានចលនាតស៊ូតាមព្រៃ ដើម្បីផ្តួលរំលំរបបដឹកនាំដោយសម្តេច នរោត្តម សីហនុ ផងដែរ។
ព្រោះតែការទប់ទល់មិនបាននៃចរន្តបះបោរក្នុងស្រុក និងស្របពេលរងឥទ្ធិពលសង្គ្រាមត្រជាក់ពីខាងក្រៅផងនោះ ទីបំផុតរបបដ៏រុងរឿងរបស់ខ្មែរមួយនេះ ក៏ត្រូវដួលរលំទៅ បន្ទាប់ពីដណ្តើមឯករាជ្យពីបារាំងបានត្រឹមតែប្រមាណ ១៦ឆ្នាំនោះ។ លោកតាវ័យចំណាស់ម្នាក់ ដែលជាមនុស្សបានធំធាត់ក្នុងសម័យសង្គមរាស្ត្រនិយមរបស់សម្តេច នរោត្តម សីហនុ ហាក់នៅចងចាំនូវព្រឹត្តិការណ៍ការនានាច្រើនមុនឈានដល់ការធ្វើរដ្ឋប្រហារសម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ។
បើតាមការរៀបរាប់តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គម Facebook លោកតា សេង គុយហ៊ុត អាយុ ៨៥ឆ្នាំ បានរៀបរាប់ថា នៅមុនពេលមានរដ្ឋប្រហារ គឺមានការតវ៉ាបះបោរ និងការមិនពេញច្រើនជាមួយរបបដឹកនាំរបស់សម្តេច នរោត្តម សីហនុ ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការមួយចំនួនផងដែរ។
ឆ្លើយតបនឹងការមិនពេញចិត្តរបស់ខ្មែរអ្នកនៅភ្នំពេញ និងមន្ត្រីរាជការមួយចំនួននាពេលនោះ បានធ្វើឲ្យសម្តេច នរោត្តម សីហនុ រំលឹកថា បើទោះបីរបបរបស់ព្រះអង្គនៅមានការខ្វះខាត និងការលំបាកខ្លះយ៉ាងណាក្តី តែប្រជាពលរដ្ឋនៅមានម៉ូតូ មានរថយន្តដឹកកូនចៅដើរលេង ហើយអាចដើរកម្សាន្តបាននៅថ្ងៃចុងសប្តាហ៍ តែប្រយ័ត្នរបបព្រះអង្គដួលរលំនឹងត្រូវលំបាកហើយ។
លោកតា សេង គុយហ៊ុត បច្ចុប្បន្នរស់នៅទីរួមស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅឆ្នាំរដ្ឋប្រហារទម្លាក់សម្តេច សីហនុ លោកតាមានអាយុប្រមាណ ៣៧ឆ្នាំទៅហើយ ជាហេតុធ្វើឲ្យលោកតា បានដឹងយ៉ាងច្បាស់នូវរឿងរ៉ាវក្នុងសម័យនោះ។ លោកតា គុយហ៊ុត បានបញ្ជាក់ក្នុងវីដេអូយ៉ាងដូច្នេះ «សម្តេច សីហនុ ថា អស់លោក កុំអាលភ្ញាក់ផ្អើល កុំអាលកាន់បក្សនេះបក្សនោះនៅឲ្យស្ងៀមសិន។ អស់លោកនៅមានឡានឯកជនជិះនាំប្រពន្ធនាំកូនដើរលេងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ នៅសប្បាយច្រើនណាស់។ តែផុតពីសង្គមនេះទៅអស់លោកលែងមានឱកាសនាំប្រពន្ធកូនជិះឡានបានហើយ»។
លោកតា បានបញ្ជាក់ទៀតថា ក្រោយរបបសម្តេច សីហនុ ដួលរលំទៅ រថយន្ត កង់ ម៉ូតូ ត្រូវទុកចោលតាមផ្លូវ តាមវាលស្រែងទាំងអស់ ហើយគ្រោះអត់ឃ្លានកើតមានមាសប្រាក់ត្រូវយកទៅដូរអង្ករអស់។ «បើនៅ សីហនុ អត់មានបញ្ហាអីទេសង្គមនោះ ខ្មែរយើងរីកចម្រើនលឿនសឹងអី តែអត់អ្នកដឹកនាំធំហើយ។ ដល់ពេល លន់ នល់ ឡើងមកមានបានប៉ុន្មានខែ ខ្មែរក្រហមឡើងមកបានប៉ុន្មានថ្ងៃ»។
បុរសវ័យចំណាស់រូបនេះ ក៏បានប្រដូចការមិនចេះស្កប់របស់ខ្មែរក្នុងរបបសង្គមរាស្ត្រនិយម ស្រដៀងគ្នាទៅនឹងប្រជាពលរដ្ឋខ្មែរមួយចំនួន នៅក្នុងសង្គមបច្ចុប្បន្ននេះដែលមិនពេញចិត្តជាមួយរបបដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ បុរសដែលធ្លាប់បានឆ្លងកាត់សង្រ្គាមហែកហួរច្រើនទសវត្សរ៍នៅកម្ពុជា បានសម្តែងការព្រួយបារម្ភបើអត់ពីរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ឬចង់ប្តូររបបតាមរយៈបដិវត្តន៍ពណ៌ទុក្ខវេទនា និងការវិនាសរបស់សង្គមជាតិនឹងវិលមកវិញជាមិនខាន។
«បើថាមិនទប់ស្កាត់ពួកនេះ វីវរទៀតហើយប្រទេសយើង។ បើមិនទប់ស្កាត់ពួកអាអាវខ្មៅឲ្យខ្លាំងអត់បានទេ វរទៀតហើយ។ តែអស់សម្តេច ហ៊ុន សែន ចប់ហើយខ្មែរ អ្នកមានឡានតាមផ្ទះតាមសម្បែងសព្វថ្ងៃ កុំសង្ឃឹមថា អ្នកឯងបានជិះឡាននាំប្រពន្ធកូនទៅណាទៀត។ បើខុសពីរបបនេះហើយកុំសង្ឃឹម»។ លោកតា បានបញ្ជាក់បន្ថែម៕