(ភ្នំពេញ)៖ ប្រហែសបាត់ ប្រហែសបាត់ មិនថា ម៉ូតូ មិនថាទ្រព្យសម្បត្តិផ្សេងៗ រហូតទ្រាំលែងបាន ទើបប្រជាពលរដ្ឋ មកដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក ដើម្បីដោះស្រាយកង្វល់ពួកគាត់។
ក្រោយពេលទទួលពាក្យបណ្តឹងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខណ្ឌទួលគោក មានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ អមដោយលោក សៀង ហៃ ជាក្រឡាបញ្ជី និងមានការសហការពីគណៈបញ្ជាការខណ្ឌទួលគោកដឹកនាំដោយលោក ប៉ាង លីដា អភិបាលខណ្ឌស្តីទី, លោកចៅសង្កាត់ទឹកល្អក់ទី១ និងលោកមេភូមិ១៦ បានចុះឆែកឆេរតំបន់ផ្លូវរថភ្លើងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតឈានដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់រួមមាន៖
ទី១៖ ឈ្មោះ នីន វីរៈ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរពុំប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ១៦ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទី២៖ ឈ្មោះ ខៀវ ដួងច័ន្ទតារា អាយុ២៤ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់ផ្ទះជួលផ្លូវរថភ្លើង ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពីបញ្ជូនជនសង្ស័យមកដល់មូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក កម្លាំងជំនាញ បានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ៣នាក់ផ្សេងទៀត ជាបន្តបន្ទាប់ក្នុងថ្ងៃទី១៤ ខែមីនា ឆ្នាំ២១៨។ ក្នុងនោះមានឈ្មោះ៖
ទី៣៖ ឈ្មោះ ជ័យ សារឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅផ្ទះលេខ១៤៤D1ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទី៤៖ ឈ្មោះ ចាន់ ស៊ីថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅ ផ្ទះជួល ភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
ទី៥៖ ឈ្មោះ អ៊ុង សំរេច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពញ។
ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង០៥នាក់បានសារភាពថា៖
ទី១៖ ឈ្មោះ នីន វីរៈ ធ្លាប់កាច់កម៉ូតូ ចំនួនជិត២០លើក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងលួចយកទ្រព្យសម្បត្តិអ្នកដ៏ទៃចំនួន០៣ លើកក្នុងភូមិសាស្ត្រ ខណ្ឌទួលគោក។
ទី២៖ ឈ្មោះ អ៊ុង សំរេច ជាចោរឆក់ផង លួចផង គាស់ផ្ទះផង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយរូបគេជាមួយបក្ខពួក តែងជិះម៉ូតូ ចេញឆក់ ជារៀងរាល់ថ្ងៃ តែបើកន្លែងណាស្ងាត់ពួកគេ នឹងចូលគាស់ផ្ទះ បើកន្លែងណាប្រហែសពួកគេចូលលួច។
ទី៣៖ ឈ្មោះ ខៀវ ដួងច័ន្ទតារា ជាបក្ខពួកជាមួយក្រុមចោរឆក់ លួច កាច់កម៉ូតូ គាស់ផ្ទះ និងជាអ្នកដោះគ្រឿងម៉ូតូដែលលួចបាន។
ទី៤៖ ឈ្មោះ ចាន់ ស៊ីថា ជាចោរលួចម៉ូតូផង លក់បានលុយ តែងយកទៅជក់គ្រឿងញៀនផង។
ទី៥៖ ឈ្មោះ ជ័យ សារឿន ជាអ្នកទទួលផលចោរកម្ម ដោយបានទិញម៉ូតូចោរក្នុងតម្លៃថោកៗ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ កម្លាំងអាវុធហត្ថ ចាប់យកវត្ថុតាងបានមួយចំនួនរួមមាន៖
*ម៉ូតូ០២គ្រឿង ម៉ាក MSX ស្លាកលេខ ភ្នំពេញ 1GN-1112 និងម៉ាក SL ស្លាកលេខ កំពត 1G-3218 ជាម៉ូតូដែលពួកចោរទាំងនេះលួចបានមក
*ដាវ០២ដើម
*ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
*ដប់សម្រាប់ជក់ថ្នាំមួយចំនួន
*ដែកអក្សរ T សម្រាប់កាច់កម៉ូតូ០២
*កូនសោរសម្រាប់ដោះគ្រឿងម៉ូតូមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ៕