(ប៉ៃលិន)៖ ទឹកក្រូចដកជ័រ ស្រាបៀរ កាហ្វេកំប៉ុងខូចគុណភាព នំស្រួយក្មេងៗ មីកញ្ចប់ និងយៀវហ៊ឺកញ្ចប់ ដែលក្រុមអាជីវករយកដាក់លក់ នៅនៅផ្សារប៉ាហ៊ី ខេត្តប៉ៃលិន ធ្វើឲ្យប៉ះពាល់សុខភាពនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តប៉ៃលិន បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។

ការរកឃើញទឹកក្រូច ស្រាបៀរ និងកាហ្វេម៉ាកណេសកាហ្វេទាំងនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ពេលមន្រ្តីសាខាកាំកុងត្រូល សហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារប៉ាហ៊ី ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ។

លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ សហការជាមួយសមត្ថកិច្ចចម្រុះ បានបង្កើនការទប់ស្កាត់ទំនិញហួសសុពលភាព ខូចគុណភាព និងធ្វើតេស្តបឋម (Test Kit) លើចំនីអារហារបរិភោគ នៅផ្សារប៉ាហ៊ី ដែលធ្វើឲ្យប៉ះពាល់ និងបង្កជាក្តីបារម្ភខ្លាំង ព្រោះចំណីអាហារ ខូចគុណភាព និងមានផ្ទុកសារធាតុគីមី បានក្លាយជាឃាតករ បំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។

លោក ឈឹម វាសនា បានបន្តថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទំនិញនាឱកាសនោះ មន្ត្រីសាខាកាំកុងត្រូលខេត្ត បានដកហូតទំនិញហួសសុពលភាព និងខូចគុណភាពប្រមាណ ៨៩,០៤គីឡូក្រាម រួមមាន៖ ស្រាបៀដប ៣៣ដប កាហ្វេកំប៉ុង ៤២ដប ទឹកខ្មេះដប ២៦ដប ទឹកក្រូចដបជ័រ ៤៣ដបជ័រ ទឹកក្រូចដបធំ ០៣ដប ទឹកក្រូចកំប៉ុង ៣៧កំប៉ុង នំស្រួតក្មេង ១៩៩កញ្ចប់ មីកញ្ចប់ ១៥កញ្ចប់ ឃៀវហ៊ីកញ្ចប់ ១៥កញ្ចប់ ដើម្បីយកទៅកម្ទេចចោល។

លោក ឈឹម វាសនា ក៏បានសំណូមពរដល់អាជីវករទាំងអស់ និងអ្នកប្រើប្រាស់ ត្រូវរួមគ្នាលុបបំបាត់ការដាក់តាំងលក់ និងប្រើប្រាស់ទំនិញ ខូចគុណភាព ឬទំនិញប្រើប្រាស់សារធាតុគីមី ព្រោះវាបានបង្ករផលប៉ះពាល់ខ្លាំងសម្រាប់សុខភាព និងរស់នៅជីវភាពប្រចាំថ្ងៃ៕