(ភ្នំពេញ)៖ ពាក្យចាស់ពោលថា «អ្នកខ្លាំងដោយសារអ្វី គឺតែងតែស្លាប់ដោយសារនោះ» ពិតជាត្រឹមត្រូវ! ឥឡូវនេះ សម រង្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការគាំទ្រ រួមនឹងសង្គមស៊ីវិល ជាដៃគូដែលធ្លាប់តែបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ បំភ្លើស បំប៉ោង បំភ័ន្ត ស្ថានភាពពិតនៅកម្ពុជា វាយប្រហារនិងរិះគន់ឋគ្មានមូលដ្ឋានប្រឆាំងនឹងរាជរដ្ឋាភិបាលបានភ្លាត់ស្នៀត និង របូតស្បែកមុខ បង្ហាញធាតុពិតនៃក្រុមអ្នកនយោបាយបោកប្រាស់ ភូតកុហករាស្ត្រជាមួយនឹងការបង្កើតព័ត៌មានមិនពិតប្រឌិតថា មានអ្នកស្លាប់ចំនួន៦នាក់ និងរបួសចំនួន៤០នាក់ ក្នុងការអនុវត្តច្បាប់របស់កម្លាំងមាន សមត្ថកិច្ចបង្ក្រាបការដណ្តើមកាន់កាប់ដីដោយខុសច្បាប់ នៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

តាមពិតការប្រឈមមុខដាក់គ្នានេះគ្មានបង្កឱ្យនរណាម្នាក់ស្លាប់ ដូចការផ្សាយរបស់វិទ្យុអាស៊ីសេរី និងកាសែតភ្នំពេញប៉ុស្តិ៍ឡើយ។ សាក្សីជាព័ត៌មានដែលបាននិយាយទាំងអស់សុទ្ធតែ បានបញ្ជាក់នៅថ្ងៃនេះថា គ្មានអ្នកស្លាប់ឡើយ ប៉ុន្តែមានអ្នករងរបួសក្នុងនោះសមត្ថកិច្ចចំនួន៧នាក់ និងភាគីប្រជាជនដែលដណ្តើមកាន់កាប់ដីខុសច្បាប់មានចំនួន២នាក់។

ឆាកល្ខោនដែលក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន និងទណ្ឌិត សម រង្ស៊ី រៀបចំនៅពេលនេះគឺពិតជាមានបំណង ក្នុងបង្កចលាចលក្នុងសង្គម បង្កការខឹងសម្បារចំពោះអាជ្ញាធរ រដ្ឋដែលអនុវត្តច្បាប់ បង្កកំហឹងចំពោះរាជរដ្ឋាភិបាល និងញុះញង់ឱ្យប្រជាជនបះបោរប្រឆាំង នឹងរាជការសាធារណៈ។ ក្នុងគោលដៅនេះហើយបានជានៅពេលមានការប្រឈមមុខគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការប្រឆាំង បានព្យាយាមបំភ្លៃ និងបំភ័ន្តការពិតផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ និងបម្រើគោលបំណងនយោបាយរបស់មេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី។ សម រង្ស៊ី ពេលដែលបានឱកាសក៏បានចូលរួមផ្សព្វផ្សាយព័ត៌មានប្រឌិតខុសពីការពិតនេះ និងបានធ្វើអាជីវកម្មនយោបាយលើព្រឹត្តិការណ៍នេះ ដោយបានចោទទាំងទទឹងទិស ដូចដែលខ្លួនធ្លាប់ធ្វើប្រឆាំង នឹងរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។

មិនតែប៉ុណ្ណោះដោយមានជំនឿដោយខ្វះការពិចារណារបស់ខ្លួន សម រង្ស៊ី ថែមទាំងចេញវិដេអូឃ្លីបចូលរួមមរណៈទុក្ខ ដែលមិនមែនជាការពិតជាមួយក្រុមគ្រួសារប្រជាពលរដ្ឋថែមទៀតផង។ តើ សម រង្ស៊ី ជាមនុស្សអ្វីទៅវិញដែលចូលរួមមរណៈទុក្ខចំពោះអ្នកដែលកំពុងមានជីវិតដូច្នេះទៅវិញ? សម រង្ស៊ី កំពុងតែកុហកប្រជាជន និងប្រមាថយ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រជាជនដែល នៅរស់រានមានជីវិតទៅវិញ?

ច្បាស់អ្វី ស្លាប់នឹងរបស់នោះ! ខ្មាសគេដូចលេចប្រដាប់កណ្តាលវាល! សម រង្ស៊ី និងក្រុមផ្សព្វផ្សាយបំពុល សង្គម និងក្រុមសង្គមស៊ីវិលសរសេររបាយការណ៍ចិញ្ចឹមឆ្នាំងបាយត្រូវទទួល បរាជ័យយ៉ាងអាម៉ាសបំផុត ព្រោះទេវតា ហាក់ដូចជាបានជួយជាតិនិងប្រជាជនកម្ពុជាប្រឆាំងនឹងអំពើ ស្មោគគ្រោករបស់ក្រុមជនក្បត់ជាតិ ដែលប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍ របស់ប្រជាជនកម្ពុជា។ ដើម្បីបម្រើគោលដៅនយោបាយរបស់ខ្លួន សម រង្ស៊ី និងគូនកន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យខាងលម្អៀងបានបំផ្លើសការពិត និងយកជីវិតប្រជាជន មកលេងសើច និងប្រមាថដល់ស្លាប់។ ឥឡូវនេះមុខមាត់ពិតនៃការបំផ្លៃការពិត និងបង្កើតព័ត៌មានក្លែងក្លាយដើម្បីបម្រើរបៀបវារៈនយោបាយរបស់ពួកគេត្រូវ បានបកអាក្រាត។

ប្រជាពលរដ្ឋបានឃើញការពិតជាក់ស្តែង និងយល់ថា អ្វីដែលក្រុមអ្នកនយោបាយប្រឆាំងធ្វើគឺជាការរៀបចំនិងប្រឌិតព័ត៌មាន ឡើងដើម្បីសម្អុយឈ្មោះរដ្ឋាភិបាលនៅលើផ្នែកសិទ្ធិមនុស្ស សេរីភាព លទ្ធិប្រជាធិបតេយ្យគោលដៅចុងក្រោយដើម្បីបម្រើមហិច្ឆតាអំណាចខ្លួន។ កន្លងមកក្រុមអង្គការអន្តរជាតិ មន្ត្រីអង្គការសិទ្ធិមនុស្ស និងអ្នកពាក់ព័ន្ធផ្សេងទៀតបានជឿយ៉ាងស៊ប់លើ របាយការណ៍របស់ក្រុមបក្ស ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលមាននិន្នាការប្រឆាំង ដោយបង្ហាញក្តីអាណិត និងចាត់ទុកពួកគេថាជាជនរងគ្រោះ និងវាយប្រហាររិះគន់រាជរដ្ឋាភិបាល។

នេះគ្រាន់តែជាយុទ្ធសាស្ត្រពួកគេដែលបំភ្លៃការពិត ដោយធ្វើជាជនរងគ្រោះអាជីព និងធ្វើសកម្មភាពដើម្បីឱ្យសាធារណៈមតិមើលមកថា ក្រុមអ្នកនយោបាយបក្សប្រឆាំងគឺជាជនរងគ្រោះ នៃការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងព្យាយាមបង្ហាញថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា គឺជាតួអង្គចិត្តអាក្រក់។ តាមពិតរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាទេ ដែលជាជនរងគ្រោះពិតប្រាកដនៃទង្វើដ៏អាក្រក់នៃក្រុមបក្សប្រឆាំង និងការច្រណែនឈ្នានីសរបស់ក្រុមអ្នកនយោបាយទាំងនេះ។
អ្នកដែលអាក្រក់ពិតប្រាកដគឺអ្នកនយោបាយដែលទទួលបញ្ជាពីបរទេស និងក្រុមសង្គមស៊ីវិលដែលស៊ីឈ្នួលបរទឹសធ្វើរបាយការណ៍អាក្រក់ពីកម្ពុជា។ ចាំមើលៗ! តើអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ឬក្រុមអង្គការអន្តរជាតិមួយចំនួនដែលតាមតែឈ្នានីសកម្ពុជា នឹងបន្តស្តាប់របាយការណ៍បំភ្លៃការពិតរបស់ក្រុមនេះតទៅទៀតឬទេ?

ហើយជឿងប់នឹងរបាយការណ៍បែបប្រឌិត និងភូតកុហកទៀតឬទេ? បើដឹងថាពួកគេជាអ្នកបោកប្រាស់ ហើយនៅតែចាញ់បោកប្រាសពួកគេទៀត នេះមិនមែនជាកំហុសទៀតទេ តែមកពី បរទេសទាំងនោះល្ងង់ ឱ្យគេបោកបាន។ តែសង្ឃឹមថា បរទេសទាំងនោះនឹងឆ្លាតដូចពលរដ្ឋខ្មែរដែលមើលឃើញច្បាស់ពីទង្វើបោកប្រាស ដោយអសីលធម៌នេះនិងចូលរួមធ្វើជាសាក្សីនៃ ការបោកប្រាសនេះដោយទៅបញ្ជាក់នៅមូលដ្ឋានថាគ្មាននរណាម្នាក់ស្លាប់ដូចការប្រឌិតព័ត៌មានក្លែងក្លាយ និងទាញអាជីវកម្មលើសាកសព ដណ្តើមសាកសពធ្វើជាកម្មសិទ្ធិឡើយ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្មែរជាពិសេសពលរដ្ឋដែល ស្ថិតនៅក្នុងហេតុការណ៍នោះមិនអាចស្ងប់ចិត្តបានឡើយ ចំពោះការប្រមាថអាយុជីវិតពួកគាត់ពីសំណាក់សម រង្ស៊ី និងការគេងចំណេញ នយោបាយលើព័ត៌មានក្លែងក្លាយនិងយក អាយុជីវិតពួកគាត់មកធ្វើជាបាយឡុកបាយឡ កំដរឆាកនយោបាយ និងបង្កើតការញុះញង់ក្នុងចំណោមប្រជាជនកម្ពុជា។ ដើម្បីស្តារនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចដែលខ្លួនបានសន្មតថាបានស្លាប់នោះ ទណ្ឌិត សម រង្ស៊ី ត្រូវតែចេញវិដេអូឃ្លីប ដូចខ្លួនចេញវីដេអូឃ្លីបចូលរួមមរណៈទុក្ខ ដើម្បីសុំខមាទោស ប្រជាពលរដ្ឋដែលគាត់នៅរស់ មិនមានការស្លាប់ដូចការប្រឌិតរបស់វិទ្យុអាស៊ីសេរី ភ្នំពេញប៉ុស្តិ៍ និង សម រង្ស៊ី ខ្លួនឯងនោះទេ។

បើមិនធ្វើដូច្នោះទេ នោះកាន់តែបង្ហាញច្បាស់ថា សម រង្ស៊ី ជាមនុស្សអាត្មានិយម និងដើម្បីបំពេញមហិច្ឆតាអំណាច សូម្បីតែជីវិតប្រជាពលរដ្ឋខ្មែរ ក៏ទណ្ឌិតរូបនេះមិនញញើតនឹងយកមក លេងសើចប្រមាថមាក់ងាយឡើយ។ ពេលនេះស្បែកមុខពិតរបស់ សម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំង ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងសង្គមស៊ីវិលដែលធ្លាប់តែបោកប្រាស់ កុហក បំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងការពិត ត្រូវបានបកអាក្រាតយ៉ាងច្បាស់បំផុតនៅពេលនេះ។ ការទួញសោករបស់ សម រង្ស៊ី នៅពេលនេះគ្រាន់តែជាទឹកភ្នែកក្រពើ ហើយការទួញសោកសម្តែងមរណៈទុក្ខនេះ សម្តែងប៉ះចំករណីមនុស្សដែលនៅមានជីវិតនៅឡើយ ដែលនេះ មិនខុសពីការប្រមាថជីវិតរបស់ពលរដ្ឋនោះឡើយ៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨