(ភ្នំពេញ)៖ លោក Oh Nak Young ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា រដ្ឋាភិបាលកូរ៉េ ស្វាគមន៍ចំពោះគំនិត ផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលចង់ឲ្យកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ដ្រីការបរទេស មេគង្គ-កូរ៉េ ទៅជាកិច្ចប្រជុំកំពូល មេគង្គ-កូរ៉េ។ នេះបើតាម ការបញ្ជាក់ពី លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។
ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះរបស់លោក ជុំ សុន្ទរី បានធ្វើឡើងក្រោយបញ្ចប់កិច្ចជំនួបពិភាក្សាការងារ និងសម្ដែងការគួរសម រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយលោក Oh Nak Young ក្នុងឱកាសដែលលោកចូលមកកាន់ការងារ នៅប្រទេសកម្ពុជា ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨នេះ។
លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការវិញត្រលប់ របស់លោក Oh Nak Young មកបំពេញការទូតនៅកម្ពុជា ជាថ្មីម្ដងទៀត បន្ទាប់ពីលោក បានចាកចេញពីកម្ពុជា ក្នុងរយៈពេល១០ឆ្នាំកន្លងមក។ លោកជឿជាក់ថា បទពិសោធន៍ការងារ និងទេពកោសល្យរបស់ លោក Oh Nak Young នឹងរួមចំណែកជួយ ឲ្យលោកសម្រេច បាននូវភារកិច្ចការងារ ជាការទូតនៅប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូត ចាប់អារម្មណ៍ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសការរីកចម្រើន ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជា សម្រេចបានក្នុងរយៈកាលកន្លងមកនេះ។ លោកបានវាយ តម្លៃខ្ពស់ចំពោះការរីកចម្រើន ក្នុងទំនាក់ទំនង មិត្ដភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យទាំងអស់ រវាងប្រទេសទាំងពីរ បន្ទាប់ពីការបង្កើតនូវទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៩៧ ដែលមានរយៈពេល២១ឆ្នាំ រហូតមកដល់ពេលនេះ។
លោក Oh Nak Young ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទី ដ៏សកម្មរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងអាស៊ានកូរ៉េ។ លោកបានបង្ហាញនូវជំហរគាំទ្ររបស់កម្ពុជា ឲ្យមានការរៀបចំ កិច្ចប្រជុំកំពូលពិសេស អាស៊ានកូរ៉េ ក្នុងអនាគតខាងមុខផងដែរ។
នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងរវាង មេគង្គ-កូរ៉េ លោកបានបញ្ជាក់អំពី ការស្វាគមន៍របស់រដ្ឋាភិបាលកូរ៉េ ចំពោះគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន ដែលចង់ឲ្យមាន ការដំឡើង កម្រិតទំនាក់ទំនងពីកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ដ្រីការបរទេស មេគង្គ-កូរ៉េ ទៅជាកិច្ចប្រជុំកំពូល មេគង្គ-កូរ៉េ។ លោកក៏បានគូសបញ្ជាក់ ពីជំហររបស់រដ្ឋាភិបាលកូរ៉េ ក្នុងការខិតខំសម្របសម្រួល ដើម្បីឲ្យមានកិច្ចប្រជុំនេះ ក្នុងពេលអនាគតដ៏ឆាប់ខាងមុខ។
នៅក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោកទេសរដ្ឋមន្ដ្រី បានរំលឹកឡើងវិញ ការសម្រេចដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការជំនះពុកពារ នូវរាល់បញ្ហាដើម្បី បង្កើតឡើងនូវទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ១៩៩៧។ លោកទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់ជាថ្មី អំពីជំហរកម្ពុជា ក្នុងឋានៈជាប្រទេស សម្របសម្រួលសម្រាប់ ទំនាក់ទំនងអាស៊ាន-កូរ៉េនោះ គឺកម្ពុជា មានជំហគាំទ្រក្នុងការ រៀបចំឲ្យមានកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ។
ប្រមុខការទូតកម្ពុជារូបនេះ ក៏បានលើកឡើងទៀតថា កម្ពុជានឹងខិតខំសម្របសម្រួល ជាមួយបណ្ដាប្រទេស អាស៊ានផ្សេងទៀត ដើម្បីឲ្យកិច្ចប្រជុំកំពូលនេះ អាចសម្រេចបាន។ នៅក្នុង ក្របខណ្ឌនៃទំនាក់ទំនងរវាង មេគង្គ-កូរ៉េ លោកសម្ដែងនូវក្ដីរីករាយ ចំពោះជំហររបស់រដ្ឋាភិបាលកូរ៉េ ដែលបានគាំទ្រគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យមានការតំឡើង កម្រិតនៃទំនាក់ទំនងរវាងមេគង្គ-កូរ៉េ ពីថ្នាក់រដ្ឋមន្ដ្រីការបរទេស ឲ្យជាកិច្ចប្រជុំកំពូល៕