(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយពីថ្ងៃទី៨ មីនាគឺជាទិវាដ៏ក្ខត្ដឫក្សបំផុតសម្រាប់នារីទូទំាងពិភពលោក ដោយបានឆ្លុះបញ្ចំាងអំពីសិទ្ធិស្រ្ដី តាមរយៈវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសាសនារៀងៗខ្លួនផងដែរ។ ដោយក្នុងនោះដែរ បើនិយាយអំពីតួនាទីរវាងស្រ្ដីខ្មែរ នឹងស្រ្ដីអឺរ៉ុប យើងឃើញយ៉ាងច្បាស់ថា ហាក់មានលក្ខណៈផ្ទុយពីគ្នា។
បានសេចក្ដីថាបើនិយាយពីសង្គមគ្រួសារវិញ គឺនៅអឺរ៉ុប ចំពោះឪពុកម្ដាយ គឺរដ្ឋជាអ្នកធានារ៉ាប់រងចិញ្ជឹម រីឯស្រុកខ្មែរយើងវិញ គឺកូនភ្ជាប់ខ្លួននិងឪពុកម្ដាយជារៀងរហូត។ ស្ថិតត្រង់ចំណុចនេះហើយ ដែលហៅថា «ជាលក្ខណៈផ្ទុយគ្នាអំពីរបៀបរបបប្រពៃណី ទំនៀមទម្លាប់»នោះ។ ម្យ៉ាងវិញទៀត ក្នុងតួនាទីស្រ្ដីខ្មែរនេះផងដែរ គឺជាអ្នកផ្ទេរវប្បធម៌ សីលធម៌ ក្នុងការអប់រំកូនចៅ និងសង្គមយ៉ាងសំខាន់បំផុត។ ដូចនេះហើយ ទើបក្នុងទស្សនខ្មែរ តែងពោលពាក្យថា«បើមិនស្ដាប់ស្រី គឺអស់ស្រូវពូជ»យ៉ាងដូច្នោះដែរ។ ដោយសារខ្មែរប្រកាន់ទស្សនៈមេនេះហើយ ទើបគុណតម្លៃពាក្យថា «មេមាននៅគ្រប់ទិសទីក្នុងទស្សនៈនិងប្រវត្ដិសាស្រ្ដខ្មែរ»។
លោក រត្ន័ សណ្ដាប់ បន្ដថាបើដូចនេះ បើនិយាយអំពីគុណតម្លៃស្រ្ដីខ្មែរ គឺមានភាពសាមញ្ញ ភាពស្និទ្ធិទៅនឹងធម្មជាតិ ដោយបង្កប់នូវ «ភាពបរិសុទ្ធនៃព្រលឹងជាតិ» ។ ជាក់ស្ដែងលោក ហ្សក ហ្រ្គោលីយ៉េរ បានលើកទ្បើងថា«ប្រទេសបារំាងត្រូវរៀនឲ្យច្រើនពីកម្ពុជា ពិសេសរឿងរ៉ាវដែលទាក់ទងទៅនឹងតួនាទីស្រ្ដី»នេះឯង។ដោយក្នុងនោះ លោក បានថ្កោលទោសយ៉ាងខ្លំាងក្លាចំពោះ«ការបាត់បង់ភាពជាស្រ្ដី» របស់ស្រ្ដីនៅបស្ចឹមប្រទេស ពិសេសនៅបារំាង ដោយការរីកចម្រើនបានប្រែក្លាយពីម្ដាយធម្មជាតិឲ្យទៅជាមនុស្សកំណាច នឹងអាត្មានិយមដែលទាមទារដើម្បីភាពស្មើគ្នារបស់ពួកគេគឺធ្វើឲ្យសង្គម នឹងគ្រួសារមានការបែកបាក់។ បើដូច្នេះលោកបានស្នើថាប្រទេសបារំាងត្រូវរៀនសូត្រពីកម្ពុជា ហើយត្រូវយកធ្វើជាម្កុដ ដើម្បីពាក់នៅប្រទេសបារំាង៕