(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ ទទួលការងារព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកុម្ភៈ និងទិសដៅបន្ត របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, អនុប្រធាននាយកដ្ឋាន, នាយការិយាល័យ, ស្នងការរងនគរបាលរាជធានី និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ សភាពការណ៍បទល្មើសជារួមកើតឡើង ២៣៨/២៥៨លើក ថយ២០លើក ស្មើ៨%ធៀបខែមករា ក្នុងនោះបទឧក្រិដ្ឋកើតឡើង ៤៤/៥៩លើក ថយ១៥លើក ស្មើ២៥%, ករណីប្លន់៨/៨លើក, ឃាតកម្ម ១៦/២៣លើក ថយ៧លើក ស្មើ៣០%, ករណីរំលោភសេពសន្ថវៈ ២០/២៨លើក ថយ៨លើក ស្មើ២៩%។ បទល្មើសមជ្ឈឹម ១៩៤/១៩៩លើក ថយ៥លើក ស្មើ៣%, មនុស្សឃាតអចេតនា ៣លើក, លួច៧៦/៨៩ ថយ១៣លើក ស្មើ១៥%, ឆក់២៨/១៥លើក កើន១៣លើក ស្មើ៨៧លើក, ហិង្សាដោយចេតនា ៧៤/៧៩លើក ថយ៥លើក ស្មើ៦%, ឆបោក ៧/១១លើក ថយ៤លើក ស្មើ៣៦% និងបទល្មើសផ្សេងៗ ៦/៥លើក កើន១លើកស្មើ២០%។
របាយការណ៍ដដែលបានបន្ថែមថា ក្នុងខែកុម្ភៈនេះ សមត្ថកិច្ចធ្វើប្រតិបត្តិការបង្រ្កាបបានចំនួន១៩៣ករណី ឃាត់ខ្លួន២៨១នាក់ ក្នុងនោះ បទឧក្រិដ្ឋ៣៧ករណី ចាប់ខ្លួន៥៥នាក់, ជាក់ស្តែង២៦ករណី ឃាត់ខ្លួន៣៩នាក់, ស្រាវជ្រាវ ១១ករណី ឃាត់ខ្លួន១៦នាក់។ បទមជ្ឈឹម ១៥៦ករណីចាប់ខ្លួន២២៦នាក់, ជាក់ស្តែង១៣៣ករណី ឃាត់ខ្លួន១៩២នាក់ និងស្រាវជ្រាវ២៣ករណី ឃាត់ខ្លួន៣៤នាក់៕