(ភ្នំពេញ)៖ លោកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកសណ្ឋាគារ សាន់អ៊ែនមូន បានថ្លែងអំពាវនាវដល់បងប្អូន អ្នកធ្វើដំណើរតាមដងផ្លូវ មេត្តាគោរពច្បាប់ចរាចរណ៍ បង្កើនការប្រុងប្រយ័ត្ន ហើយក៏សូមធ្វើការអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ឋ មេត្តាផ្សព្វផ្សាយ និងដាក់ពិន័យបន្ថែមទៅលើជនបង្ក ក្នុងគោលបំណងមួយ គឺដើម្បីរក្សាអាយុជីវិតពីព្រោះបញ្ហាចរាចរណ៍ ជាបញ្ហាគ្រោះថ្នាក់ធ្ងន់ធ្ងរ សម្រាប់ប្រទេសយើងសព្វថ្ងៃ។ សូមបណ្តាក្រសួងពាក់ព័ន្ធមេត្តា ធ្វើយ៉ាងណាបង្ហាត់បង្រៀនដល់អ្នកបញ្ជាយានយន្ត ឲ្យយល់ពីច្បាប់ចរាចរណ៍ ដោយបើកទាំងស្រវឹង បើកបរប្រជែង ដោយមិនផ្តល់អាទិភាពដល់ច្បាប់ថា អ្នកណាទៅមុនអ្នកណាទៅក្រោយ។

ការអំពាវនាវនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់ អ៊ែន មូន អគារលេខ៦៨ ផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ លោកឧកញ៉ាបណ្ឌិត ជា រតនា ក្នុងនាមលោកជាអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃសណ្ឋាគារសាន់ អ៊ែន មូន សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព ដោយក្តីសោកស្តាយបំផុត និងប្រគល់ថវិកាចំនួន៥០០០ដុល្លារ ដល់អ្នកស្រី តេស សំបុក ដែលជាម្តាយរបស់សព។

ជាក់ស្តែងថ្ងៃនេះ នៅសណ្ឋាគារសានើ អ៊ែនមូន បានធ្វើពិធីរំលឹកដល់បុគ្គលិកម្នាក់ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិត កាល២ខែកន្លងមក ហើយនៅថ្ងៃនេះ សណ្ឋាគារក៏បានធ្វើពិធីប្រគល់ថវិកាប្រមាណ៥០០០ដុល្លារ ជូនដល់ម្តាយរបស់បុគ្គលិក ដែលសណ្ឋាគារបានទិញធានារ៉ាប់រង។

លោក រ៉ាត់ ដារ៉ារ័ត្ន អគនាយករង នៃសណ្ឋាគារ សាន់ អ៊ែន មូន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឃួន សារិន អាយុ៣០ឆ្នាំ មានតួនាទីជាជំនួយការទំនាក់ទំនងអតិថិជន។

ពាក់ព័ន្ធនឹងផលប្រយោជន៍ ពីការទិញធានារ៉ាប់រង២៤ម៉ោង ដែលបុគ្គលិក នៃសណ្ឋាគារទទួលបាននេះ លោក រ៉ាត់ ដារ៉ារ័ត្ន អគនាយករង នៃសណ្ឋាគារ សាន់ អ៊ែន មូន បានលើកឡើងថា សំខាន់គឺការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កើតបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងតាមគោលការណ៍របស់សណ្ឋាគារ គឺបន្ថែមទៅលើអ្វីដែល ប.ស.ស ។ លោកអគ្គនាយករង បានបញ្ជាក់ថា «ឆ្លងតាមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិយើងអភិវឌ្ឍន៍រីកចំរើន ជាក់ស្តែងសណ្ឋាគារ សាន់ អ៊ែន មូន នេះ មិនថាចាំបាច់តែអន្តរជាតិ ឬជនបរទេសទេ ដែលអាចធ្វើបាន ខ្មែរយើងក៏មានសណ្ឋាគារបែបស្តង់ដារអន្តរជាតិដែរ គឺយើងមានធានារ៉ាប់រងដល់បុគ្គលិកយើង»

ដើម្បីការពារអាយុជីវិតពីការកើតឡើង នៃគ្រោះថ្នាក់ចរាចរនេះ លោក រ៉ាត ដារ៉ារ័ត្ន ក៏សូមអំពាវនាវដល់ការបញ្ជាយានយន្តទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ជាអាទិភាព សូមធ្វើដំណើរដោយបើកបរកុំលឿន ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើករថយន្តពាក់ខ្សែក្រវ៉ាត់ ល្បឿនត្រូវកំណត់តាមច្បាប់ យើងត្រូវប្រុងប្រយ័ត្នជានិច្ច យើងត្រូវគោរពជីវិតអ្នកដទៃ ដូចគោរពជីវិតយើងដែរ ។ អត្ថប្រយោជន៍ជាទូទៅ ដែលបុគ្គលិកទទួលបានពីសណ្ឋាគារ សាន់ អ៊ែន មូន រួមមាន៖
ទី១៖ ប្រាក់បន្ថែមពីសេវាកម្ម (Service Charge)
ទី២៖ ការធានារ៉ាប់រងផ្នែកគ្រោះថ្នាក់ ២៤ម៉ោង
ទី៣៖ ការធានារ៉ាប់រងគ្រោះថ្នាក់ក្នុងម៉ោងការងារពីបេឡាសន្តិសុខសង្គម (បសស)
ទី៤៖ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ បុណ្យជាតិ និងច្បាប់សម្រាកឈឺ
ទី៥៖ ទទួលបានអាហារក្នុងពេលបំពេញការងារ
ទី៦៖ ទទួលបានប្រាក់បន្ថែមម៉ោង
ទី៧៖ ទទួលបានឥណទានសម្បទានសម្រាប់មធ្យោបាយធ្វើដំណើរ និងការសិក្សា
ទី៨៖ ទទួលបានចំណងដៃ១០០ដុល្លារ សម្រាប់ការរៀបអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន
ទី៩៖ ទទួលបានប្រាក់ឧបត្ថម្ភ២០០ដុល្លារ សម្រាប់ពិធីបុណ្យសពរបស់សាច់ញាតិបង្កើត។

សូមបញ្ជាក់ថា លោក ឃួន សារិន បានជួបគ្រោះថ្នាក់ចរាចរ ដោយមានរថយន្តបុកចំពីក្រោយម៉ូតូរបស់គាត់ កាលវេលាម៉ោង ១០និង៤០នាទី យប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចមុខមន្ទីរពេទ្យរុស៊្សីលើផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយទទួលមរណភាពនៅវេលាម៉ោង ១២និង៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅមន្ទីរពេទ្យកាល់ម៉ែត៕