(ភ្នំពេញ)៖ តុលាការកំពូលនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ នឹងបើកសវនាការរឿងក្តីលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បច្ចុប្បន្នបានរត់គេចខ្លួនទៅក្រៅប្រទេស ករណីចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី អ្នកវិភាគសង្គម។
យោងតាមដីកាកោះហៅឱ្យជនជាប់ចោទចូលសវនាការដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ នេះ បង្ហាញថា លោកស្រី ថាក់ ឡានី អាយុ៦៣ឆ្នាំ ជាប់ចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅភូមិតាប៉ាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨:៣០នាទី តាមមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
កន្លងមកទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ សម្រេចដូចគ្នាផ្តន្ទាទោសលោកស្រី ថាក់ ឡានី ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ចំនួន១០០រៀល។
នៅក្នុងវេទិកាសាធារណៈនៅខេត្តរតនគិរី លោកស្រី ថាក់ ឡានី បានចោទប្រកាន់សម្តេចតេជោ ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។
ដើម្បីស្វែងរកភាពយុត្តិធម៌ និងភាពស្អាតស្អំក្នុងនាមជាមេដឹកនាំកំពូលនៃប្រទេស សម្តេចតេជោ ហ៊ុន សែន តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹងលោកស្រី ថាក់ ឡានី ដោយសំណូមពរឱ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម១០០រៀលប៉ុណ្ណោះ៕