(ភ្នំពេញ)៖ មរណភាពដោយការចងករបស់លោក លីម ប៊ុនលាង នាយកសាខាសាលាអន្តរជាតិវេស្ទើន បានបន្សល់នូវក្តីវិយោគក្តុកក្តួលរំជួលចិត្តខ្លាំងណាស់ទៅហើយសម្រាប់ភរិយា កូន ឪពុកម្តាយ និងសាច់ញាតិ តែចុតហ្មាយរៀបរាប់ពីទំហំចិត្តនៃក្តីស្រឡាញ់ចំពោះភរិយា និងកូន ដែលជាបណ្តាំចុងក្រោយរបស់លោក បានដុតបញ្ឆេះដួងចិត្តអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកឲ្យកើតក្តីស្រណោះអានិតកាន់តែខ្លាំងថែមទៀត។

ក្នុងវ័យ ៣៨ឆ្នាំ លោក លីម ប៊ុនលាង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានសម្រេចចងកសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ លោក ប៊ុនលាង បានសម្រេចបញ្ចប់ជីវិតឃ្លាតចាកឆ្ងាយពីភរិយា និងកូនស្រីជាទីស្រឡាញ់ស្មើជីវិត ក៏ព្រោះតែរូបលោកកើតជំងឺមហារីកពោះវៀនធំច្រើនខែកន្លងមក រហូតវះកាត់ដាក់ទុយោចេញមកក្រៅ ហើយអស់សង្ឃឹមក្នុងការព្យាបាល។

មរណភាពរបស់លោក លីម ប៊ុនលាង បាននាំមកនូវក្តីវិយោគសោកសង្រេងយ៉ាងខ្លាំងសម្រាប់ភរិយា និងកូន ព្រមទាំងឪពុកម្តាយ និងសាច់ញាតិ ព្រោះតែការស្តាយស្រណោះចំពោះស្វាមី ឪពុក និងកូន ដ៏ល្អប្រកបដោយភក្តីភាព។

មុនចងកធ្វើអត្តឃាតលាចាកភពផែនដីដ៏ស្រស់បំព្រង ចោលប្រពន្ធកូនជាទីស្រឡាញ់ លោក ប៊ុនលាង បានបន្សល់លិខិតចំនួន៤ទំព័រ ដើម្បីផ្តាំផ្ញើដល់ភរិយា កូន ឪពុកម្តាយបង្កើត ឪពុកម្តាយក្មេង និងបងប្អូនទាំងអស់។ អក្ខរាចារទុកចុងក្រោយលាយឡំជាមួយទឹកភ្នែករាប់លានដំណក់របស់លោក ប៊ុនលាង បានធ្វើឲ្យអ្នកដែលបានអានហើយកើតក្តីក្តុកក្តួលរំជួលចិត្តជាខ្លាំង។

ក្នុងអក្ខរានេះ លោក ប៊ុនលាង បានសារស័ព្ទបង្ហាញទំហំបេះដូងពោរពេញដោយក្តីស្រឡាញ់មហាធំធេងចំពោះឧត្តមភរិយា និងកូនស្រីជាទីស្រឡាញ់ ហើយក៏បានសុំការអធ្យាស្រ័យអភ័យទោសចំពោះភរិយា ដែលលោកមិនអាចមើលថែរហូតដល់ចាស់កោងខ្នង។

លោក ប៊ុនលាង បានរៀបរាបថា ជំងឺរបស់លោកបានក្លាយជាអម្រែកដ៏ធ្ងន់ធ្ងរសម្រាប់ភរិយា។ បើទោះបីភរិយាមិនដែលរអ៊ូរទាំចំពោះអម្រែកគ្រួសារដ៏ធ្ងន់ក្នុងពេលលោកឈឺយ៉ាងណាក្តី តែលោកមិនចង់ឃើញភរិយារងទុក្ខលំបាកបែបនេះឡើយ។ បុរសដែលត្រូវពង្រាត់ជីវិតពីផែនពសុធាដោយសារតែជំងឺមហារីករូបនេះ បានរៀបរាប់ក្នុងចុតហ្មាយថា ការបញ្ចប់ជីវិតរបស់លោកនឹងនាំមកនូវស្នាញញឹមសម្រាប់ឧត្តមភរិយារបស់លោក។

ក្នុងចុតហ្មាយដ៏សែនកម្សត់នេះ លោក ប៊ុនលាង ក៏បានលាកូនស្រីសំណព្វចិត្តរបស់លោកផងដែរ។ លោកបានរៀបរាប់ថា កូនស្រីរបស់លោក គឺជាកែវភ្នែក និងជាជីវិតរបស់លោកផងដែរ តែលោកសោកស្តាយដែលមិនអាចរស់នៅដើម្បីមើលថែកូន មិនអាចបង្រៀនកូន និងមិនលួងលោមកូនដល់ធំដឹងក្តី។

ក្រៅពីការបន្សល់ទុកបណ្តាំសម្រាប់ភរិយា និងកូនស្រី លោក ប៊ុនលាង ក៏បានផ្តាំផ្ញើដល់ឪពុកម្តាយបង្កើត ឪពុកម្តាយក្មេង និងបងប្អូនរបស់លោក ឲ្យតាមជួយថែរក្សា និងបីបមថ្នមថ្នាក់កូនស្រីជាទីស្រឡាញ់របស់លោកផងដែរ។

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកដែលបានអានចុតហ្មាយលាភរិយា កូន និងក្រុមគ្រួសាររបស់លោក ប៊ុនលាង បានសម្តែងនូវក្តីវិយោគសោកសង្រេងប៉ុនពេកក្រៃ។ ពួកគេបានចាត់ទុកការព្រាត់គ្មានថ្ងៃជួបរបស់លោក ប៊ុនលាង មិនខុសពីរឿងប្រលោមលោកខ្មែរនាងបដាចារ និងរឿងអកព្រាត់ទ្រនំនោះឡើយ។

ខាងក្រោមគឺជាអក្ខរារៀបរាប់បង្ហាញទំហំចិត្តនៃក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះភរិយា និងកូនមុនលាចាកលោក៖