Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង និងរុស្ស៊ី ប្រារព្ធខួបលើកទី៧០​ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ

10-02-2018 00:57

(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី គ្រោងនឹងប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ពួកគេ ដើម្បីបង្កើនទំនាក់ទំនងទ្វេរភាគី​ និងពង្រីកកិច្ចសហប្រតិបត្តិការ នៅលើវិស័យជាច្រើនទៀត, នេះបើយោងតាមភ្នាក់ងារសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

បើតាមភ្នាក់ងារសារព័ត៌មាន Korean Central News Agency បានឲ្យដឹងថា ប្រតិភូនៃក្រសួងការបរទេសកូរ៉េខាងជើង ​ដឹកនាំដោយ លោក Im Chon Il ដែលបានធ្វើដំណើរទស្សនកិច្ច ទៅកាន់រដ្ឋធានី Moscow ស្របតាមការអញ្ជើញពីក្រសួងការបរទេសរុស្ស៊ី នៅក្នុងសប្តាហ៍នេះ។

ប្រធានប្រតិភូបានធ្វើកិច្ចចរចា ជាមួយនឹងលោក Andrei B. Kulik ប្រធានកិច្ចការផ្នែកអាស៊ី នៃក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃទី៦ ខែកុម្ភៈ។ នៅក្នុងកិច្ចចរចានោះ, ភាគីទាំងពីរ បានពិភាក្សាគ្នាស៊ីជម្រៅ លើបញ្ហាទំនាក់ទំនងទ្វេភាគី ដែលគួរឲ្យព្រួយបារម្ភ ក្នុងនោះក៏បានពិភាក្សាគ្នា លើគម្រោងការប្រារព្ធព្រឹត្តិការណ៍រួមគ្នា ដើម្បីអបអរសារទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងទ្វេរភាគី រវាងកូរ៉េខាងជើង និងរុស្សី ហើយភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិគ្នា លើស្ថានភាពនៅឧបទ្វីបកូរ៉េផងដែរ។

​សូមជម្រាបថា កូរ៉េខាងជើង និងរុស្ស៊ី បានរក្សានូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា ចាប់តាំងពីចុងទសវត្សរ៍១៩៤០ នៅពេលដែលរដ្ឋាភិបាលទីក្រុង Pyongyang និងរដ្ឋាភិបាលទីក្រុង Moscow បានបង្កើតទំនាក់ទំនង នៅអំឡុងពេលអតីតសហភាពសូវៀត៕