(ក្រចេះ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងដោយអគ្គីភ័យឆាបឆេះព្រៃ ស្រាប់តែរាលដាលឆេះដល់រោងដាក់ឈើរបស់ពលរដ្ឋ១ខ្នង ខូចខាតសម្ភារទាំងស្រុង កាលពីវេលាម៉ោង១២ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

នគរបាលស្រុកស្នួល បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងអស់រយៈពេលជាច្រើនម៉ោង ទើបរលត់អណ្ដាត់ភ្លើងតែមិនទាន់រលត់ទាំងស្រុង នោះទេហើយខណៈពេលនេះ មន្ត្រីជំនាញក៏កំពុងបាញ់ទឹកពន្លត់ដោយប្រើទឹកអស់ជាច្រើនឡាន ហើយទើបរលត់ទាំងស្រុង។

នគរបាលដដែលបានបន្តថា ករណីអគ្គីភ័យឆាបឆេះរោងមានទំហំ៥ម៉ែត្រ គុណ១២ម៉ែត្រ ធ្វើពីឈើប្រកស័ង្កសីជញ្ជាំងក្តារផ្ទាល់ដី សម្ភារបាត់បង់រួមាន៖ ធុងបាញ់ថ្នាំចំនួន៣ម៉ាស៊ីនទូក៨សេះ ចំនួនមួយគ្រឿង, ឈើសម្រាប់ធ្វើផ្ទះចំនួនជាង៥ម៉ែត្រគូប ទុយយោទឹកមួយចំនួននឹង ផ្ទាំងសិលាប្រើថាមពលព្រះអាទិត្យមួយគ្រឿង គឺបណ្ដាលមកពីភ្លើងឆេះព្រៃ។ ម្ចាស់រោងដាក់ឈើរងគ្រោះមានឈ្មោះ លី ចាន់ថា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិឃុំឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

នគរបាលស្រុកស្នួល បានបញ្ជាក់ថា ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះនេះលោកបានបញ្ជាផ្ទាល់ពីសំណាក់លោក ចាន់ សុគីម អធិការនគរបាលស្រុកស្នួល បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យនឹងបញ្ជាកម្លាំងជួយពន្លត់នឹងរារាំងមិនឲ្យភ្លើងឆេះរាលដាល ទៅដល់លំនៅដ្ឋានរបស់ពលរដ្ឋផ្សេងទៀត។

លោក ចាន់ សុគីម ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននីមួយៗ ត្រូវប្រុងប្រយ័ត្នភ្លើងផ្សែង (ដូចជាធូបទៀនជាដើម)៕