(ភ្នំពេញ)៖ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក កឹម ស៊ីថន បានថ្លែងឲ្យដឹង ក្នុងឆ្នាំ២០១៧កន្លងទៅ មានម៉ាកល្បីចំនួន៩៩ ត្រូវបានម្ចាស់ម៉ាកទាំងនោះ ប្រគល់សិទ្ធិឲ្យក្រុមហ៊ុនក្នុងស្រុកធ្វើការគ្របគ្រង និងបែងចែកលក់បន្ដ ក្នុងនាមតំណាងម្ចាស់ម៉ាកប្រ៊េនល្បីទាំងនោះ ។
លោក កឹម ស៊ីថន លើកឡើងក្នុងពិធីសម្ពោធហាងថ្មី CIRCLE K របស់ក្រុមហ៊ុន TH CVS Co.,Ltd ដែលទទួលបានសិទ្ធិផ្ដាច់មុខ លក់ចែកចាយនូវម៉ាកសញ្ញា CIRCLE K តែមួយគត់នៅកម្ពុជា ពីក្រុមហ៊ុន Couche-Tard Brands and Financing S.A.R.L របស់សហរដ្ឋអាមេរិកថា ដោយមានមានការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសមានស្ថេរភាព និងសុខសន្ដិភាព ទាំងនយោបាយ និងសេដ្ឋកិច្ច ដែលកំពុងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន មកបណ្ដាក់ទុននៅកម្ពុជា ពិសេសក្រុមហ៊ុន និងម៉ាកល្បីៗ បានមក និងកំពុងមកបណ្ដើរៗពីសហរដ្ឋអាមេរិក ដូចពេលនេះ ។
លោកបន្ដថា «ផ្ដើមចេញពីការបើកហាងថ្មីនេះ និងម៉ាកល្បីៗរបស់បរទេសចំនួន៩៩ដែលមានវត្ដនៅកម្ពុជា យើងសង្ឃឹមថា ហាងទំនិញដែលម៉ាកល្បីៗដទៃទៀត នឹងកើតមាននៅកម្ពុជាហើយទីផ្សារកម្ពុជា គឺជាទីផ្សារគោលដៅ សម្រាប់ផលិតផលល្បីៗ ដែលម៉ាកយីហោ ដែលពេញនិយមសម្រាប់អតិថិជន កម្ពុជានិងអតិថិជនជាភ្ញៀវទេសចរណ៍ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា» ។
ទន្ទឹមនឹងនោះ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន TH CVS Co.,Ltd លោក ណម តុង បានថ្លែងថា Circle K ជាម៉ាកសញ្ញាល្បីល្បាញមួយលំដាប់ថ្នាក់ពិភពលោករបស់សហរដ្ឋអាមេរិកដែលមានជាង១៥,០០០ហាង លើពិភពលោក និងមានបទពិសោធន៍ជោគជ័យ ជាង៦០ឆ្នាំមកហើយ ដែលជាហាងលក់ទំនិញរាយ ផ្ដល់ភាពងាយស្រួល ដល់អតិថិជន នូវទំនិញមានគុណភាពអនាម័យ ប្រកបដោយសេវាកម្មបំរើ រួសរាន់រាក់ទាក់ និងឆាប់រហ័ស បើកបម្រើ២៤ ជារៀងរាល់ថ្ងៃ ។
លោកបន្ដថា «បច្ចុប្បន្ន កម្ពុជាបានបើកដំណើរការ៣ទីតាំងហើយ គឺស្ថិតនៅផ្លូវកម្ពុជាក្រោម, ស្ថិតនៅផ្លូវ ១៦៤ សង្កាត់វាលវង្ស ខណ្ឌ៧មករា ខាងកើតឈៀងខាងត្បូង វិទ្យាល័យបាក់ទូក និងទីតាំងទី៣ ស្ថិតនៅផ្លូវ១៧២ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ខាងលិចវត្ដឧណ្ណាលោម ។ហាងចំនួន២ទៀត នឹងត្រូវបើកដំណើរការលក់នៅសប្ដាហ៍ក្រោយនេះហើយ ដែលស្ថិតនៅ លើផ្លូវព្រះស៊ីសុវត្ថិ(មាត់ទន្លេ) សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ខាងកើតឈៀងខាងជើង វាលមេន និងមួយទៀតនៅមហាវិថីមុនីវង្ស កែងនឹងផ្លូវលេខ៩៣ សង្កាត់ផ្សារថ្មីទី១ ទល់មុខសណ្ឋាគារឋានសួរ និងទីតាំងមួយចំនួន កំពុងជួសជុលរៀបចំហាងបន្ថែមទៀត ។ក្រុមហ៊ុនយើងខ្ញុំ មានគម្រោងបើកហាងលក់ទំនិញ Circle K នេះចំនួន៣០០ហាង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយប្រើទុនវិនិយោគជាង ២០លានដុល្លារ ហើយសម្រាប់ឆ្នាំ២០១៨នេះ គឺយើងនឹងបើកហាងលក់ទំនិញ Circle K ចំនួន៤០ហាងបន្ថែមទៀត» ។
ព្រមជាមួយគ្នានោះ លោក Robert Southwich អគ្គនាយកនៃសាវជីវកម្ម អន្ដរជាតិ របស់ក្រុមហ៊ុន Circle K ក៏បានថ្លែងថាអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រ ក្នុងការជំរុញឲ្យការងារនេះ អាចដំណើរការទៅបាន ហើយហាងនេះ នឹងចាក់គ្រឹះដ៏រឹងមាំ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំនួន៨ប្រទេស រួមទាំងកម្ពុជាផងដែរនេះ៕