(កំពង់ធំ)៖ នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព,ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ លោកឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ហួន វ៉ាន់និត, លោក ញឹក បានខេង, លោកស្រី ឃួន ឃុនឌី បានចូលរួម ពិធីដង្ហែមាឃបូជា ដែលប្រារព្ធនៅវត្តឥន្ទ្រីយ៍សំវរៈ និងវត្តក្តីអណ្តែត ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ពិធីដង្ហែមាឃបូជានេះ ដោយមានកិច្ចសហការចូលរួមពី គណៈមន្ត្រីសង្ឃស្រុក ព្រះចៅអធិការវត្ត និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពុទ្ធបរិស័ទ ព្រះសង្ឃ លោកតា លោកយាយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណ៥០០អង្គ/នាក់។
ពិធីនេះ ប្រារព្ធនៅក្នុងវត្តព្រៃអង្គរក្នុង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គចំនួន៩ខែគត់។ ថ្ងៃមាឃបូជានេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខ ដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័ន ដែលជាវត្តដំបូងបង្អស់ ក្នុងព្រះពុទ្ធសាសនាក្នុងថ្ងៃនោះ មានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងគឺ៖
ទី១៖ ព្រះសង្ឃសមណៈទូត១,២៥០អង្គ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា), ទី២៖ ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធ ជាម្ចាស់ទ្រង់បំបួស ឲ្យដោយផ្ទាល់ ដែលហៅថា ឯហិភិក្ខុឧបសម្បទា(សព្វេ ឯហិភិក្ខុកា), ទី៣៖ ព្រះសង្ឃទាំងអស់សុទ្ធតែជា ព្រះអរហន្ត បានអភិញ្ញា៦គឺ សម្តែងឫទ្ធិបាន, ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, បានរលឹកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបានណាត់មកទុកជាមុន (សព្វេ អនិមន្តិតា), និងទី៤៖ ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។
មូលហេតុសំខាន់ដែល ព្រះសង្ឃសមណៈទូតទាំងនោះ មកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ននោះ ព្រោះថ្ងៃពេញបូណ៌មីខែមាឃនោះ ត្រូវនឹងថ្ងៃសិវរាត្រី របស់សាសនាព្រាហ្មណ៍ ក្នុងថ្ងៃសិវរាត្រីនេះ សាសនិកព្រាហ្មណ៍ តែង ប្រារព្ធពិធីលាងជម្រះបាបបូជាព្រះសិវៈ ព្រោះហេតុនោះព្រះសង្ឃទាំងនោះ ទើបធ្វើដំណើរទៅគាល់ព្រះ បរម សាស្តាដែលទ្រង់ធ្វើពុទ្ធដំណើរចេញ ពីល្អាងសុករខាតាមកគង់ប្រថាប់ នៅក្នុងវត្តវេឡុវ័ន សូមជម្រាបថា ព្រះសង្ឃដែលធ្វើដំណើរទៅផ្សព្វផ្សាយពុទ្ធធម៌នោះ មិនមែនធ្វើដំណើរទៅព្រមគ្នាទាំង១,២៥០អង្គនោះទេ ប៉ុន្តែធ្វើដំណើរទៅតែមួយអង្គឯងប៉ុណ្ណោះ មានន័យថា ធ្វើដំណើរទៅដាច់ដោយឡែកពីគ្នា ការដែលព្រះសង្ឃអង្គនីមួយៗ ធ្វើដំណើរទៅវត្តវេឡុវ័នដោយមិន បានណាត់ទុកជាមុនដូចជាណាត់តាមទូរស័ព្ទ ឬឥន្ធើណិតជាដើម ទើបចាត់ជាហេតុការណ៍អស្ចារ្យ៕