(កណ្តាល)៖ នាល្ងាចថ្ងៃទី១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ លោក ប៊ុន ផេង អភិបាលស្រុក និងសហការី បានចូលរួម ពិធីដង្ហែមាឃបូជា ដែលប្រារព្ធនៅក្នុងវត្តស្វាយជ្រំ ក្រោមការរៀបចំដោយ ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ និងជាព្រះអនុគុណស្រុកខ្សាច់កណ្តាល។

ពិធីដង្ហែមាឃបូជានេះ ដោយមានកិច្ចសហការចូលរួមពី គណៈមន្ត្រីសង្ឃស្រុក ព្រះចៅអធិការទាំង៤១វត្ត និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់។

ពិធីនេះ ប្រារព្ធនៅក្នុងវត្តស្វាយជ្រុំ ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គចំនួន៩ខែគត់។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមក ពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។

លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ពិធីដង្ហែមាឃបូជា គឺក្នុងគោលដំណងផ្សាភ្ជាប់ ជាមួយព្រះពុទ្ធសាសនារបស់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ ថ្នាក់ ប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ឲ្យចូលរួមថែរក្សាប្រពៃណីបុរាណ ឲ្យកាន់តែរឹងមាំជាងនេះ ក្រោយពីបំរើភារកិច្ចការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕