(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានឆ្លៀតឱកាសដ៏មមាញឹក ចុះពិនិត្យការដាក់បង្គោលភ្លើងថ្មី ជំនួសបង្គោលភ្លើងចាស់ ចំនួន២៣៧ដើម សម្រាប់បំភ្លឺផ្លូវសាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ ក្នុងក្រុងពោធិ៍សាត់ ចាប់ពីក្បាលស្ពានថ្ម ផ្លូវលេខ១០១ ដល់ផ្លូវជុំវិញភូមិចំការចេក និងផ្លូវជាតិលេខ៥ ចាប់ពីមុខស្នាក់ការគណបក្សអូរចំបក់ រហូតដល់រង្វង់មូលផ្តិល។
ក្នុងឱកាសនោះ ក៏បានការអមដំណើរពីសំណាក់លោកឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្ត លោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់។
លោក ម៉ៅ ធនិន បានឲ្យដឹងថា ដើម្បីចូលរួមអភិវឌ្ឍន៍ក្រុងពោធិ៍សាត់ ឲ្យមានការរីកចម្រើន លោកបានឲ្យក្រុមហ៊ុន គីស៊ីយូនៀន ខនស្ត្រាកសិន របស់ឧកញ៉ា ទុយ គី ចុះរៀបចំប្តូរដាក់បង្គោលភ្លើងចាស់ ដាក់បង្គោលភ្លើងថ្មី ទៅតាមស្តង់ដារបច្ចេកទេស ដើម្បីបំភ្លឺផ្លូវសាធារណៈ នៅក្រុងពោធិ៍សាត់ ចាប់ពីក្បាលស្ពានថ្ម ផ្លូវលេខ១០១ ដល់ផ្លូវជុំវិញភូមិចំការចេក និងផ្លូវជាតិលេខ៥ ចាប់ពីមុខស្នាក់ការគណបក្សអូរចំបក់ រហូតដល់រង្វង់មូលផ្តិល។
លោកបានបន្ថែមទៀតថា បង្គោលភ្លើងនេះ មានកម្ពស់៩ម៉ែត្រ ចំនួន២៣៧ដើម សាងសង់ដោយដែកបាឡេ មានជាតិអាឡុយម៉ីញ៉ូមមិនច្រេស ដែលជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។
លោកបានបញ្ជាក់ថា ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ លើកំណាត់ផ្លូវសំខាន់ៗនោះ វាមិនត្រឹមតែជួយលើកសោភ័ណ្ឌភាពក្រុងពោធិ៍សាត់ឲ្យស្រស់បំព្រងក្នុងពេលរាត្រី និងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកម្សាន្តលេងនៅខេត្តប៉ុណ្ណោះទេ តែវាបានធ្វើឲ្យកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗផងដែរ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានសំណូមពរឲ្យប្រជាពលរដ្ឋមេត្តាជួយថែរក្សា សមិទ្ឋផលថ្មីនេះ ឲ្យបានយូរអង្វែង និងមិនត្រូវធ្វើឲ្យអន្តរាយដល់បង្គោលភ្លើងនេះឡើយ៕