(ភ្នំពេញ)៖ ដើម្បីឆ្លើយតប នឹងបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាព ក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០១៧នេះ តាមរយៈជំនួយពីសប្បុរសជននានា និងដៃគូជាតិ-អន្ដរជាតិ បានសម្រេចនូវការងារអាទិភាពធំៗជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ សរុបប្រមាណជិត២៥ម៉ឺនគ្រួសារ ពិសេសជួយស្វែងរកសមាជិកគ្រួសារ ដែលបានបែកគ្នា កាលពីជំនាន់ប៉ុលពត ឲ្យបានជួបគ្នាវិញជាច្រើនគ្រួសារផងដែរ។
នេះបើតាមរបាយការណ៍បូកសរុបសកម្មភាពឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ ដែលបង្ហាញ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជាប្រចាំឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
លើសពីនេះ ក្នុងឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជា ព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារ នៃវិស័យស្នូលទាំង៤ ឱ្យប្រតិបត្តិការ ទៅដោយរលូន និងមានប្រសិទ្ធភាព ក្រៅពីឆ្លើយតបចំពោះភាពងាយរងគ្រោះ និងរងគ្រោះ សរុបប្រមាណជាង ២៤០.០០០គ្រួសារហើយ ថែមទាំងសម្រេច បានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ នៅតាមសហគមន៍នានា នៅកម្ពុជាដូចជា៖
* ខួងអណ្តូងទឹងចំនួន ២៩៧
* ជីកស្រះទឹកចំនួន ៩
* សង់បង្គន់អនាម័យចំនួន ១,១៦១
* សង់ផ្ទះចំនួន ១៨០ខ្នង
* ផ្តល់ធុងចម្រោះទឹកចំនួន ១៥០
* ផ្តល់ពាងទឹកចំណុះ ៧០០លីត្រចំនួន ៤៨
* ផ្តល់ស៊ីទែនទឹកចំណុះ ៣.០០០លីត្រចំនួន ១២
* ផ្តល់បំពង់ពន្លត់អគ្គិភ័យចំនួន ៨៧
* ផ្តល់មួកសុវត្ថិភាពចំនួន ២១០
* ចែកខិតប័ណ្ណពិការភាពចំនួន ២៨.១៩០ និងខិតប័ណ្ណគ្រឿងស្រវឹងចំនួន ៦៧.៥០០
* ការបណ្តុះបណ្តាលជំនាញផ្សេងៗ និងធ្វើការផ្សព្វផ្សាយពីគ្រប់សកម្មភាពរបស់ កក្រក បានចំនួនជាង ១ម៉ឺននាក់។ល។
ដើម្បីសម្រេចបាននូវគោលដៅអតិភាព ជាបន្ដបន្ទាប់ទៀត ក្នុងន័យបម្រើផលប្រយោជន៍ប្រជាជន នៅសង្គមជាតិតបតាមគំរូវីរៈភាព ដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កាកបាទក្រហមកម្ពុជា ក៏បានដាក់ចេញនូវគោលដៅចំពោះមុខសំខាន់ៗមួយចំនួនសម្រាប់អនុវត្ដ ក្នុងឆ្នាំ២០១៨ខាងមុខ គឺ៖
* សមាជិកសមាជិកកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវបង្កើនសមត្ថភាព ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយ ការត្រៀមបង្កា ការឆ្លើយតប និងការស្ដារឡើងវិញ ក្រោយគ្រោះមហន្ដរាយ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។
* ពង្រីកការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍, បន្ដពង្រឹងពង្រីក ការងារឥស្សរជនឆ្នើមថា្នក់ជាតិ អំពីសុខភាពមាតា ទារក កុមារ និងជំងឺអេដស៍។
* ប្រារព្ធទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ខួបទី១៥៥ និងពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ឲ្យកាន់តែប្រសើរឡើង។
* បន្ដលើកកម្ពស់ ការងារផ្សព្វផ្សាយអំពីសកម្មភាព កាកបាទក្រហមកកម្ពុជា គោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្ដរជាតិ ក្នុងគ្រប់សកម្មភាព កាកបាទក្រហមកម្ពុជា សាខារាជធានីខេត្ដ។
* រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ជូនគណៈកម្មាធិការកណ្ដាល និងសាខា បន្ដផ្សព្វផ្សាយលក្ខខណ្ឌការងារកាកបាទក្រហមកម្ពុជាថ្មី នូវប្រាក់បេសកកម្មក្នុង និងក្រៅប្រទេសថ្មី ជូនសាខាកាកបាទក្រហមកម្ពុជា រួមទាំងបន្ដពង្រឹងពង្រីក អភិបាលកិច្ច និងការគ្រប់គ្រងល្អ ក៏ដូចជាសកម្មភាពបណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឲ្យកាន់តែសកម្ម និងខ្លាំងក្លាបន្ថែមទៀតផងដែរ៕