Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មួកសុវត្ថិភាពចំនួន២៥០មួក ត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង, អភិបាលខេត្តថា គ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតកលាក់មុខ ដែលពួនស្ទាក់នៅលើដងផ្លូវគ្រប់វិនាទី

29-12-2017 16:31

(ស្វាយរៀង)៖ មួកសុវត្ថិភាពចំនួន២៥០មួក ត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និងទទួលការផាកពិន័យពី សមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តិ។ ពិធីនេះមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក កឹង ឃន ស្នងការនរគបាលខេត្ត លោកស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោកខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុងស្វាយរៀង។

អភិបាលខេត្តស្វាយរៀង បានលើកឡើងថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ ជាឃាតកលាក់មុខដែលពួនស្ទាក់នៅលើដងផ្លូវគ្រប់វិនាទី ដែលធ្វើឱ្យមានការខាតបង់ ការនិរាស ព្រាត់ប្រាស់ បាត់បង់មនុស្សជាទីស្រឡាញ់ ព្រមទាំងបន្សល់ទុកនូវសោកនាដកម្មដល់គ្រួសារ និងសង្គម។ មានកត្តាជាច្រើន ត្រូវបានរកឃើញដូចជា៖ កត្តាមនុស្ស កត្តាផ្លូវ កត្តាយានយន្ត និងកត្តាបរិស្ថាន​ដែលក្នុងនោះ កត្តាមនុស្សមានរហូតដល់ជាង៩០ភាគរយ។

ឃាតកលាក់មុខ ដែលបានឆក់យកអាយុជីវិតមនុស្សស្ទើររាល់ថ្ងៃនេះ វាបានកើតឡើងដោយសារមនុស្សជាអ្នកប្រព្រឹត្ត ដូចនេះការកែប្រែឥរិយាបទរបស់មនុស្ស ពិតជាអាចធ្វើឱ្យមានការផ្លាស់ប្តូរនូវ សោកនាដកម្មមួយនេះ ជាក់ជាមិនខាន។ លោកក៏បានផ្តាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវមានការយោគយល់ និងអធ្យាស្រ័យគ្នា រាល់ការបើកបរនៅលើដងផ្លូវ។ អ្នកបើកបរគ្រប់រូប ត្រូវប្រាកដថា អ្នកមិនបើកបរហួសល្បឿនកំណត់ មិនបើកបរក្រោយពេលហូបគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេល ធ្វើដំណើរតាមម៉ូតូ ប្រើប្រាស់ខ្សែរក្រវ៉ាត់សុវត្ថិភាព ពេលធ្វើដំណើរតាមរថយន្តជាដើម៕