(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ០៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅសាលសន្និសីទ របស់សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំពិធីប្រគល់បណ្ណសរសើរ ដល់និស្សិតពូកែ ចំនួន ២២២ នាក់ ក្រោមអធិបតីភាព លោកបណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ និងជាតំណាងលោកបណ្ឌិត សេង ផល្លី ប្រធានក្រុមប្រឹក្សាភិបាល។
តាមរបាយការណ៍របស់ លោក ឈុន ណុច សាកលវិទ្យាធិការរង បានលើកឡើងថា សាកលវិទ្យាល័យ ធនធានមនុស្ស មានបទពិសោធ៍លើការបណ្តុះបណ្តាលចំនួន១៩ឆ្នាំប្រកបដោយភាពជោគជ័យ មានសាស្រ្តាចារ្យ មន្រ្តី បុគ្គលិក គ្រប់គ្រាន់ ដែលមានសញ្ញាបត្រខ្ពស់ បទពិសោធ៍ជាក់ស្តែងច្បាស់លាស់ ហើយមាន សាកលវិទ្យាល័យជាដៃគូរអន្តរជាតិ ចំនួន១២៩សាកលវិទ្យាល័យលើពិភពលោក។ អត្រានិស្សិតដែលបាន បញ្ចប់ការសិក្សា មានមុខរបរផ្ទាល់ខ្លួន និងទទួលបានការងារធ្វើប្រកបដោយភាពជោគជ័យ នៅតាមស្ថាប័នរដ្ឋ និងបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារ សណ្ឋាគារ សង្គមស៊ីវិលនានា រហូតដល់ជាង៩៨%។
លោកបន្តថា ជាពិសេសបច្ចុប្បន្ននេះ សាកលវិទ្យាល័យធនធានមនុស្ស មានអគារផ្ទាល់ខ្លួនចំកណ្តាលរាជធានីភ្នំពេញ មាន វិសាលភាពបណ្តុះបណ្តាលនិស្សិត រហូតដល់ជិត២ម៉ឺននាក់ មានរចនាសម្ព័ន្ធរូបវន្តគ្រប់គ្រាន់ស្របតាមស្តង់ដារ ប្រកបដោយផាសុកភាព និងបរិស្ថានល្អ ទាំងការិយាល័យធ្វើការ បណ្ណាល័យ សាលសន្និសីទ សហសាលសិក្សា បន្ទប់ប្រជុំ បន្ទប់អនុវត្ត បន្ទប់សិក្សាគ្រប់ប្រភេទ បំពាក់ដោយសម្ភារបរិក្ខា ប្រព័ន្ធបច្ចេកវិជ្ជាទំនើប គ្រប់គ្រាន់ និងទាន់សម័យ។
ដើម្បីលើកទឹកចិត្តដល់និស្សិត ដែលខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ សាកលវិទ្យាល័យ បានផ្តល់បណ្ណសរសើរ ដល់និស្សិតដែលរៀនពូកែជារៀងរាល់ឆ្នាំ និងការលើកទឹកចិត្តនានាមួយចំនួនទៀត។
ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត ឯក មនោសែន សាកលវិទ្យាធិការ និងជាតំណងប្រធាន ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ បានថ្លែង កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារ ដោយ ទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងសាស្រ្តាចារ្យ ក្នុងការដឹកនាំគ្រប់គ្រង សាកលវិទ្យាល័យ ធនធានមនុស្ស ផ្អែកតាមផែនការយុទ្ធសាស្រ្ត ធ្វើឱ្យសាកលវិទ្យាល័យរីកចម្រើនឥតឈប់ឈរ និង បានកោតសរសើរ ដល់ប្អូនៗ ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលបានចំណាត់ថ្នាក់គួរជាទីមោទនៈ ។
បន្ទាប់មក លោកបណ្ឌិត ឯក មនោសែន ក៏បានផ្ដល់អនុសាសន៍ដល់ប្អូនៗនិស្សិតដូចខាងក្រោម៖
១.ប្អូនៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពវិន័យ និងស្រាវជ្រាវបន្ថែមទៀត ទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌ និងសិល្បៈនៃការរស់នៅក្នុងសង្គមដែលជាសសរស្តម្ភយ៉ាងសំខាន់ចាំបាច់សម្រាប់អនាគតរបស់ប្អូនៗ ។
២.ប្អូនៗត្រូវយកចំណេះដឹងដែលទទួលបានក្នុងពេលសិក្សាទៅគួបផ្សំជាមួយបទពិសោធន៍ ដែលទទួល បានពីការអនុវត្តការងាររួម នឹងគំនិតច្នៃប្រឌិតបន្ថែម ស្របតាមស្ថានភាព និងកាលៈទេសៈជាក់ស្តែង នៃការងារ ថែមទៀត ទើបមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជីវិត។
៣.ប្អូនៗត្រូវរៀបចំខ្លួនឲ្យឆ្លើយតបនឹងសេចក្តីត្រូវការនៃមុខរបរ ឬការងារតាមវិស័យនីមួយៗ ទាំងវិស័យ សាធារណៈ វិស័យឯកជន ឬអង្គការជាតិ និងអន្តរជាតិនានា ។
៤.សម្រាប់ប្អូនៗដែលកំពុងតែបំពេញការងារនៅតាមបណ្តាស្ថាប័នរដ្ឋ ស្ថាប័នឯកជននានា ប្អូនៗ ត្រូវ ប្រឹងប្រែងយកចិត្តទុកដាក់ បំពេញការងារដោយស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ព្រមទាំង បំពេញការងារដោយមានគោលដៅច្បាស់លាស់៕
width="730" />