(កាប៊ុល)៖ ជនសកម្មប្រយុទ្ធយ៉ាងតិច ២០នាក់បានស្លាប់ ក្នុងប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពអាហ្វហ្គានីស្ថាន នៅខេត្ត Helmand ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។
បើតាមការឲ្យដឹងពីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន កងទ័ពអាកាសនៃកម្លាំងយោធាជាតិ បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក នៅសង្កាត់ Marja, Gereshk, និង Naway-i-Barakzai នៃខេត្ត Helmand នាថ្ងៃពុធម្សិលមិញ ដែលជាលទ្ធផលបានផ្តាច់ជីវិតក្រុមភេរវករចំនួន ២០នាក់។
គួរជម្រាបថា ខេត្ត Helmand ត្រូវបានគេស្គាល់ថា ជាសំបុកដ៏ធំមួយរបស់ពួកឧទ្ទាមតាលីបង់។ កាលពីអំឡុងដើមខែធ្នូនេះ កងកម្លាំងចម្រុះដឹកនាំដោយអង្គការ NATO ក៏បានបើកការវាយប្រហារទៅលើ ទីតាំងផលិតគ្រឿងញៀនមួយកន្លែងរបស់ពួកតាលីបង់ផងដែរនៅក្នុងខេត្ត Helmand ដែលនាពេលនោះ បានកម្ទេចហេរ៉ូអ៊ីន ព្រមទាំងប្រភេទថ្នាំញៀនដទៃៗទៀត គិតជាតម្លៃប្រមាណ ០១លានដុល្លារ៕