(ស្វាយរៀង)៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ ក្រុមការងារភូមិ ព្រមទាំងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា នៅក្នងក្រុងបាវិត និងស្រុកចន្ទ្រា ខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះ លោក ម៉ឹង សំផន បានជំរុញឲ្យក្រុមការងារបន្តចុះពង្រឹងមូលដ្ឋាន ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយដោះស្រាយដល់ការលំបាកជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។
នៅក្នុងពិធីសំណេះសំណាលនោះ អង្គប្រជុំក៏បានសំដែងការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលត្រូវបានក្រុមប្រឹក្សាទេសចរណ៍ European Council on Tourism and Trade “ECTT” ជ្រើសរើសជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព - Global Ambassador for Tourism and Sustainable Development Goal» ដែលនេះជាមោទនភាពជាតិយើង និងប្រវត្តិសាស្ត្រកម្ពុជាដែលទទួលបានដោយអ្នកដឹកនាំជាតិ ប្រកបដោយគតិបណ្ឌិតវាងវៃ និងចក្ខុវិស័យច្បាស់លាស់។
លោក ម៉ឹង សំផន បានលើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសទទួលបានសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ជាពិសេសសម្តេច បានយកចិត្តទុកដាក់ដោះស្រាយចំពោះកម្មករ-កម្មការិនី ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។
លោកបានសង្កត់ធ្ងន់ថា «យើងមានសន្តិភាពទើបយើងទទួលបានអត្ថប្រយោជន៍បែបនេះ។ សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងធ្វើយ៉ាងណារក្សាសន្តិភាពជូនប្រទេសជាតិ និង ការអភិវឌ្ឍន៍យូរអង្វែងទៅថ្ងៃអនាគត។ ដូចនេះយើងទាំងអស់គ្នាត្រូវរួមគ្នា ការពារសន្តិភាព និងការពារនូវរាល់សមិទ្ធផលទាំងឡាយ ដែលបានមកពីការខិតខំដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាហើយត្រូវបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍន៍ ទៅថ្ងៃអនាគត»។
នៅក្នុងឱកាសនោះលោក ម៉ឹង សំផន ក៏បាននាំយកនូវអំណោយជាថវិការបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនដល់សមាជិកក្រុមការងារផងដែរ។
ក្រោយបញ្ចប់ការសំណេះសំណាល លោក ម៉ឹង សំផន បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្នុងស្រុកចន្ទ្រា និងការសាងសង់សាលាឃុំនៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀងផងដែរ៕