(ប៉ាឡេស្ទីន)៖ ប្រធានាធិបតីអាមេរិក នៅថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ បានប្រកាសចាត់ទុកទីក្រុង ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ព្រមទាំងរៀបចំដំណើរការក្នុងការផ្ទេរស្ថានទូតអាមេរិក ទៅក្នុងទីក្រុងវិសុទ្ធមួយនេះ។
សេចក្តីសម្រេចចិត្តបែបស្លាប់រស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការដាក់ស្ថានទូតអាមេរិកនៅក្នុងទីក្រុង ហ្សេរុយសាឡឹម ប្រៀបបាននឹងការប្រកាសសង្គ្រាមជាមួយ ប៉ាឡេស្ទីន ហើយសេចក្តីសម្រេចចិត្តនេះ ជាការដុតកម្តៅក្នុងតំបន់ទាំងមូល ព្រមទាំងគំរាមកំហែងដល់ ផលប្រយោជន៍របស់សហរដ្ឋអាមេរិកក្នុងតំបន់នោះផងដែរ នេះជាការលើកឡើងរបស់មេដឹកនាំក្រុម ហាម៉ាស ក្នុងសារព័ត៌មាន Aljazerra ដ៏ល្បីល្បាញរបស់ប្រទេស កាតា។
សម្រាប់បណ្តាពួកអារ៉ាប់ បានចាត់ទុកថា ការសម្រេចចិត្តរបស់លោក Trump ជាការបោះជំហានដ៏គ្រោះថ្នាក់មួយ។ សម្ព័ន្ធអារ៉ាប់ និងក្រុមផ្សេងទៀត បានជំរុញ ប្រធានាធិបតីអាមេរិក ធ្វើការពិចារណាសាជាថ្មី ដោយសារសេចក្តីសម្រេចចិត្តនេះនឹងជះផលត្រឡប់វិញ យ៉ាងសាកសមមិននឹកស្មានដល់។ ក្នុងកិច្ចសន្ទនា តាមទូរសព្ទកាលពីថ្ងៃចន្ទកន្លងទៅនេះមេដឹកនាំរបស់ក្រុម ហាម៉ា លោក Ismail Haniyeh និងមេដឹកនាំអាជ្ញាធរប៉ាឡេស្ទីន (PA) លោក Mahmoud Abbas បានអំពាវនាវឱ្យមានការធ្វើបាតុកម្ម ព្រមទាំងពិភាក្សាពីរបៀបបង្រួបបង្រួមកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ ដើម្បីប្រឈមមុខនឹងការគំរាមកំហែង។
ជាមួយគ្នានេះដែរ PA ក៏បានអំពាវនាវឱ្យអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម និងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការរដ្ឋតាមតំបន់ឆ្នេរ ដើម្បីរៀបចំកិច្ចប្រជុំស្តីពីបញ្ហានេះ។ មេដឹកនាំប៉ាឡេស្ទីន បានលើកឡើងថា សេចក្តីសម្រេចចិត្តថ្មីរបស់លោក Trump ជាការឆ្លុះបញ្ចាំងអំពី ភាពអសារបង់នៃកិច្ចចរចាសន្តិភាព។
ក្នុងអំឡុងនៃការបោះឆ្នោតកាលពីឆ្នាំមុន លោក Trump បានធ្វើការសន្យាម្តងហើយម្តងទៀត ក្នុងការផ្លាស់ប្តូរស្ថានទូត និងទទួលស្គាល់ទីក្រុង ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេស អ៊ីស្រាអែល។
យ៉ាងនេះក្តី ក្នុងខែមិថុនា កន្លងទៅនេះមិនខុសពីប្រធានាធិបតីមុន លោក Trump បានចុះហត្ថលេខាលើលិខិតដើម្បីបន្តពន្យាពេលមិនផ្លាស់ប្តូរស្ថានទូត ដោយសារវាបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមជាថ្មីនូវកិច្ចចរចាសន្តិភាពរវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានជាប់គាំងអស់រយៈពេលជាយូរ។ លិខិតនេះបានហួសកំណត់នៅថ្ងៃទី១ ខែធ្នូ កន្លងទៅនេះ។
មុនសេចក្តីសម្រេចបែបនេះ លេចរូបរាងឡើងអ សេតវិមានបានលើកឡើងថា សំណួរដែលត្រូវសួរមិនមែន«តើនឹងមានការផ្លាស់ប្តូរឬទេនោះទេ» ប៉ុន្តែត្រូវសួរថា«ពេលណា?» មន្ត្រីរដ្ឋាភិបាលរបស់លោក Trump បានលើកឡើងថា លោកប្រធានាធិបតីនឹងបន្តចុះហត្ថលេខាពន្យាពេលជាបន្តទៀត រហូតទាល់តែការផ្លាស់ប្តូរស្ថានទូតដំណើរការចប់រួចរាល់ ដែលវាអាចនឹងត្រូវការចំណាយពេលរយៈពេលយ៉ាងហោចណាស់មួយឆ្នាំទៀត។
ការផ្លាស់ប្តូរដ៏ចម្រូងចម្រាស់ នឹងធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសទីមួយ ដែលមានស្ថានទូតក្នុងទីក្រុង ហ្សេរុយសាឡឹម ដោយសាររាល់ស្ថានទូត ទាំងអស់ស្ថិតនៅក្នុងទីក្រុង តែលអាវីវ។ ហើយការផ្លាស់ប្តូរនេះ ក៏ជាការប្រឆាំងនឹងមតិអន្តរជាតិដែលធ្លាប់មាន អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ពាក់ព័ន្ធនឹងទីក្រុង ហ្សេរុយសាឡឹម ដែលជាទីក្រុង ដែលពោរពេញដោយភាពស្មុគស្មាញបំផុត ដោយសារពាក់កណ្តាលត្រូវបានកាន់កាប់ និងពាក់កណ្តាលទៀត ត្រូវដណ្តើមបានដោយភាគីអ៊ីស្រាអែល បន្ទាប់ពីសម័យសង្គ្រាមឆ្នាំ១៩៦៧។
លោក Zakaria Odeh ប្រធានសម្ព័ន្ធស៊ីវិលដើម្បីសិទ្ធរបស់ប្រជាជនប៉ាឡេស្ទីនក្នុងទីក្រុង ហ្សេរុយសាឡឹម បានលើកឡើងថា «នេះជាជំហានដ៏គ្រោះថ្នាក់ វាជាការធ្វើឱ្យរាល់គម្រោងសម្រាប់កិច្ចចរចាក្នុងពេលអនាគតត្រូវអសារបង់។ បើទោះបីបច្ចុប្បន្នអ៊ីស្រាអែលបានកាន់កាប់លើទីក្រុងនេះទាំងមូលទៅហើយក្តី ប៉ុន្តែខាងប៉ាឡេស្ទីន នៅតែចាត់ទុកថា ទីក្រុង ហ្សេរុយសាឡឹម នឹងក្លាយជារដ្ឋធានីរបស់ខ្លួនក្នុងពេលអនាគត។
ប៉ាឡេស្ទីន បានលើកឡើងថា ការផ្លាស់ប្តូរស្ថានទូត ជាការសម្រេចដោយមិនសមហេតុផលទៅលើបញ្ហាដ៏រសើប គឺពាក់ព័ន្ធនឹងតួនាទីរបស់ទីក្រុង ហ្សេរុយសាឡឹម និងជាការបំផ្លាញតួនាទីរបស់សហរដ្ឋអាមេរិកក្នុងនាមជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់ម្នាក់។
សូមជម្រាបថា កាលពីដើមឆ្នាំ២០១៧នេះ លោក Abbash បានព្រមានប្រឆាំងនឹងការផ្លាស់ប្តូរស្ថានទូត តាមរយៈលិខិតផ្ញើទៅកាន់លោក Trump។ ដោយលោកបានលើកឡើងថា «សេចក្តីសម្រេចចិត្តដ៏គ្រោះថ្នាក់នេះ នឹងផ្តល់ផលអាក្រក់ដល់ដំណើរការស្វែងរកសន្តិភាព ព្រមទាំងស្ថិរភាព និងសន្តិសុខក្នុងតំបន់នេះទាំងមូល»។
ក្រោមសំណើរឆ្នាំ១៩៤៧ គម្រោងបែងចែករបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ទីក្រុងទាំងមូល ជាកម្មសិទ្ធរបស់អន្តរជាតិ ដោយសារវា។ ប៉ុន្តែក្នុងឆ្នាំ១៩៤៨ កងកម្លាំងរបស់ពួក Zionist ដណ្តើមបានពាក់កណ្តាលនៃភាគខាងលិចនៃទីក្រុង ព្រមទាំងប្រកាសថា តំបន់នោះជាផ្នែកមួយរបស់ អ៊ីស្រាអែល។
លោក Khalil Shaheen អ្នកវិភាគដែលមានមូលដ្ឋាននៅ Ramallah បានចាត់ទុកការផ្លាស់ប្តូរស្ថានទូតនេះ ថាជាផ្នែកមួយនៃយុទ្ធនាការគំរាមកំហែង។ លោកបានអះអាងថាសហរដ្ឋអាមេរិក ប្រើប្រាស់ស្ថានទូតនៅទីនោះ ជាការដាក់សម្ពាធទៅលើជនជាតិប៉ាឡេស្ទីន។« ប្រសិនបើសហរដ្ឋអាមេរិក ផ្លាស់ប្តូរស្ថានទូតទៅកាន់ទីក្រុង ហ្សេរុយសាឡឹម ប្រៀបបាននឹងការបំផ្លាញជោគវាសនារបស់ទីក្រុង។
ហេតុនេះយើងឃើញថា ការផ្លាស់ប្តូរស្ថានទូត និងប្រកាសថា ទីក្រុង ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ប្រៀបបាននឹងការផ្តល់កាដូមានតម្លៃបំផុតសម្រាប់អ៊ីស្រាអែល ប៉ុន្តែក្នុងកែវភ្នាក់ងារបស់ពួកប៉ាឡេស្ទីន វាត្រូវបានមើលឃើញថា ជាការបោះជំហានទៅរកគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងតំបន់អារ៉ាប់ទៅវិញ ដែលលទ្ធផលនឹងមានការតបស្នងភ្លាមៗ ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិករូបនេះ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា