(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុញ្ញាតឲ្យលោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស ចូលជួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព។ នៅក្នុងជំនួបទ្វេភាគីរវាងមេដឹកនាំកំពូលរវាងកម្ពុជា-បង់ក្លាដែស នៅវិមានសន្តិភាព ក៏នឹងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន។
ម៉ោង១១៖០០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូដដែលនេះ លោកស្រីនាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងចូលបង្គំគាល់ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង និងពេលរសៀល៖
* ម៉ោង ០៣៖០០នាទី រសៀល៖ លោកស្រីនាយករដ្ឋមន្រ្តី នឹងជួបសន្ទនាជាមួយ ក្រុមធុរជនមួយចំនួននៅកម្ពុជា ក្នុងសណ្ឋាគារសូហ្វីតែល
* ម៉ោង ០៣៖៣០នាទី រសៀល៖ លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា
* ម៉ោង ០៤៖៣០នាទី រសៀល៖ លោកស្រីចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយត្រឡប់ទៅសណ្ឋាគារវិញ
* ម៉ោង ០៦៖៣០នាទី រសៀល៖ លោកស្រីនាយករដ្ឋមន្រ្តី នឹងចូលរួមពិសារអាហារពេលល្ងាច ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃរួច លោកស្រីនាយករដ្ឋមន្រ្តី បង់ក្លាដេស នឹងអញ្ជើញចាកចេញពីកម្ពុជា ត្រឡប់ទៅប្រទេសបង់ក្លាដេសវិញ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ តែម្តង៕