(ភ្នំពេញ)៖ គ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរ ដែលត្រូវបានប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញទៅដង្ហែពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសត្រឡប់មកមាតុភូមិវិញ បានមកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ។
ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ការដង្ហែដោយមានម៉ូតូសអមក្បួន និងនាំក្បួន បានចាកចេញពីព្រលាន ឆ្ពោះទៅសារមន្ទីរជាតិ ដើម្បីរក្សាទុកនៅទីនោះ។
លោក សោម រតនា មន្ត្រីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ពិធីប្រគល់ និងទទួលគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរចំនួន១០ឈុត ត្រូវបានធ្វើឡើងនៅក្នុងស្ថានទូតកម្ពុជា នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស រវាងក្រុមហ៊ុនដែលធ្វើការដេញថ្លៃលក់គ្រឿងអលង្ការ ជាមួយភាគីកម្ពុជាយើង មុនពេលដង្ហែមកកាន់មាតុប្រទេសវិញនៅព្រឹកថ្ងៃនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលព័ត៌មានថា ភ្នាក់ងារលក់វត្ថុបុរាណមួយ ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ បានប្រកាសដាក់លក់វត្ថុបុរាណជាច្រើន ដែលក្នុងនោះរួមមានឈុតគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់ថ្ម ដែលត្រូវបានបញ្ចាក់ថា ជាវត្ថុបុរាណរបស់ជាតិកម្ពុជា។
ភ្លាមបន្ទាប់ពីទទួលបានដំណឹង ដំណើរការនៃការស្នើសុំទាមទារយកមកវិញនូវ វត្ថុបុរាណដ៏កម្រនេះ ត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចសហការជាមួយនឹង រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស តាមរយៈស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅចក្រភពអង់គ្លេស រួមជាមួយមន្ត្រីជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាលទ្ធផល ភ្នាក់ងារលក់វត្ថុបុរាណបានស័្មគ្រចិត្តប្រគល់ ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
គ្រឿងអលង្ការមាសសម្រាប់លម្អលើ រូបចម្លាក់នាសម័យអង្គរ ដែលទាមទារបានដោយជោគជ័យយកមកវិញនេះ សរុបរួមមាន១០មុខ ហើយត្រូវបានក្រុមអ្នកជំនាញបុរាណវត្ថុជាតិ និងអន្តរជាតិចាត់ទុកថា ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ដ៏វិសេសវិសាល និងពុំអាចកាត់ថ្លៃបាន។ សម្បត្តិទាំងនេះជាផ្នែកមួយ នៃដួងព្រលឹងរបស់បុព្វបុរសខ្មែរពិតៗ ដែលស្ថិតនៅទូទាំងពិភពលោក ហើយត្រូវបានយាងត្រឡប់ មកកាន់មាតុភូមិវិញជាបន្តបន្ទាប់ ក្នុងសម័យកាលដែលជាតិយើង បានទទួលនូវសុខសន្តិភាពពេញបរិបូណ៌។
សូមទស្សនាទិដ្ឋភាពទូទៅ នៃការដង្ហែគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់សម័យអង្គរ ពីព្រលានយន្តហោះ ទៅកាន់សារមន្ទីរជាតិ៖