(ភ្នំពេញ)៖ លោក គីម វុនជិន (Kim Weon-Jin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចប់អាណត្តិ នៅថ្ងៃនេះ បានលើកឡើងថា លោកនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជា និងកូរ៉េ ឲ្យកាន់ឲ្យកាន់តែរឹងមាំ ជាពិសេសជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នា បានច្រើនថែមទៀត។
លោក គីម វុនជិន បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកចូលជម្រាបលា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្ទាប់ពីលោកត្រូវចប់អាណត្តិក្នុងការបំពេញការងារការទូតនៅក្នុងប្រទេសកម្ពុជា។
លោក គីម វុនជិន បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសក្តានុពលរបស់កម្ពុជា។ លោកបានលើកឡើងទៀតថា នៅកម្ពុជា វិស័យទេសចរណ៍ មិនមែនមានតែប្រាសាទអង្គរវត្តនោះទេ កម្ពុជាមានប្រាសាទរាប់រយនៅ ទូទំាងប្រទេសដូចជា៖ ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ ដែលទើបត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាល ពីពេលថ្មីៗនេះ សុទ្ធសឹងជាសក្តានុពល ក្នុងការទាក់ទាញភ្ញៀវទេសចរ។ ប្រជាជនកូរ៉េ បានស្ថិតនៅក្នុងចំនួនច្រើននៃអ្នកទេសចរបរទេស ដែលបានមកទស្សនាកម្ពុជា ហើយកូរ៉េបានបង្កើត អគ្គកុងស៊ុលរបស់ខ្លួន នៅទីក្រុងសៀមរាបរួចហើយ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិការទូត របស់លោក គីម វុនជិន ថាពិតជាបានរួមចំណែកដ៏ធំធេងសំដៅបន្តពូនជ្រំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជនយើងទំាងពីរ កម្ពុជា-កូរ៉េ មានការរីកចម្រើនជាបន្តបន្ទាប់។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាន៍ថា រដ្ឋសភាកម្ពុជា បានសង្កេតឃើញដោយពេញចិត្តក្នុងរយៈពេល២០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូត ឡើងវិញ រវាងប្រទេសកម្ពុជា-កូរ៉េ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីមានការវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សទំាងវិស័យ នយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ និងទេសចរណ៍ បានប្រែក្លាយទៅជាទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្រ្ត» ដែលបង្កើតបានជា សមិទ្ធផលជាក់ស្តែងយ៉ាងច្រើន ដើម្បីឧត្តមប្រយោជន៍ជាតិទំាងសង្ខាង ជាពិសេសបានរួមចំណែកដល់ ការអភិវឌ្ឍរបស់កម្ពុជា៕