(ញូយ៉ក)៖ គ្រោះមហន្តរាយរញ្ជួយដីសាហាវៗ ប្រហែលជាអាចកើនឡើងក្នុងចំនួនយ៉ាងខ្លាំងក្លា នៅក្នុងឆ្នាំ២០១៨ខាងមុខ ដោយសារតែការបង្អង់ល្បឿនជានិច្ចកាល នៃរង្វិលជុំរបស់ភពផែនដី។ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
យោងតាមការសិក្សាថ្មីខាងលើ បម្រែបម្រួលនៃល្បឿនរង្វិលជុំរបស់ផែនដី ទំនងជានឹងបណ្តាលឲ្យមានសកម្មភាពរញ្ជួយដី យ៉ាងសកម្មនាឆ្នាំក្រោយនេះ ជាពិសេសនោះ នៅតាមតំបន់ត្រូពិច ដែលសម្បូរទៅដោយមនុស្សរស់នៅតែម្តង។ ភពរបស់យើង តែងតែឆ្លងកាត់ដំណាក់កាល «ថយចុះល្បឿននៃរង្វិលជុំរបស់វា» ដែលអាចផ្លាស់ប្តូរពេលវេលា បានមួយមីលីវិនាទីក្នុងមួយថ្ងៃ។ ហេតុការណ៍បែបនេះ ជារឿយៗកើតមានឡើងក្នុងរយៈពេលរហូតដល់ ០៥ឆ្នាំ។
ដោយបានវិភាគទៅលើកំណត់ហេតុ នៃសកម្មភាពរញ្ជួយផែនដី ក្នុងកំឡុងពេល ១០០ឆ្នាំ ចុងក្រោយនេះ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Colorado និង Montana សហរដ្ឋអាមេរិក បានរកឃើញថា អំឡុងពេលដែលរង្វិលជុំផែនដីបង្អង់ល្បឿន តែងតែកើតមានឡើងតាមក្រោយ នូវអំឡុងពេលដែលសកម្មភាពរញ្ជួយផែនដីកម្រិតធ្ងន់ កើនឡើងខ្លាំង។
លោក Roger Bilham អ្នកវិទ្យាសាស្រ្តមួយរូបនៃការសិក្សាខាងលើ បានលើកឡើងថា «ក្នុងអំឡុងពេលបែបនេះ មានវត្តមានគ្រោះរញ្ជួយដីចន្លោះពី ២៥ ទៅ ៣០លើក ក្នុងមួយឆ្នាំ ខណៈនៅពេលផ្សេងៗទៀត មានហេតុការណ៍រញ្ជួយដីជាមធ្យម ត្រឹមប្រហែល ១៥លើកប៉ុណ្ណោះក្នុងមួយឆ្នាំ»។
គួរបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំចុងក្រោយ នៃការថយល្បឿនមានរយៈពេល ០៥ឆ្នាំនេះ នៃរង្វិលជុំរបស់ផែនដី ដូច្នេះហើយមានន័យថា គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ខ្ទង់ ៧.០រ៉ិចទ័រជាច្រើន ឬក៏អាចខ្លាំងៗជាងនេះទៀតនោះ នឹងមកដល់នាពេលឆាប់ៗខាងមុខ។ ទោះជាបែបនេះក្តី លោក Bilham បាននិយាយថា «យ៉ាងហោចណាស់ផែនដីផ្តល់ដំណឹងឲ្យយើងបានដឹងមុនបាន ០៥ឆ្នាំ អំពីគ្រោះរញ្ជួយផែនដីធ្ងន់ៗនាពេលអនាគត ដែលជារឿងដ៏អស្ចារ្យមួយ»៕