(ភ្នំពេញ)៖ លោក ញ៉ែម សាវើយ អគ្គលេខាធិការរងនៃរដ្ឋសភា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រហូតដល់រសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រថយន្តស៊េរីចំនួន៥គ្រឿងរបស់ ប្រធានគណៈកម្មការរដ្ឋសភាចំនួន៥រូប មកពីគណបក្សសង្រ្គោះជាតិ ដែលទើបរលាយត្រូវបានដកហូតយកមកទុកជា សម្បត្តិរដ្ឋវិញអស់ហើយ។
រថយន្តស៊េរីទំនើបទាំងនេះ ត្រូវបានផ្តល់ជូនប្រធានគណៈកម្មការរដ្ឋសភាចំនួន១០ ក្នុងម្នាក់ទទួលបាន១គ្រឿង ដើម្បីបំពេញការងារឱ្យសក្តិសមនឹងកិត្តិយស និងមុខដំណែងរបស់ពួកគាត់ ក្នុងនោះប្រធានគណៈកម្មការរដ្ឋសភា មកពីខាងគណបក្សប្រជាជនកម្ពុជាមានចំនួន៥រូប និងប្រធានគណៈកម្មការមកពីគណបក្សសង្រ្គោះជាតិ មានចំនួន៥នាក់។
លោក ញ៉ែម សាវើយ បានបញ្ជាក់ថា ក្រៅពីអតីតប្រធានគណៈកម្មាការរដ្ឋសភាទាំង៥នោះ អគ្គលេខាធិការរងរដ្ឋសភាចំនួន៣រូប ដែលមានកូតាមកពី គណបក្សសង្រ្គោះជាតិ ក៏ត្រូវដកហូតរថយន្តរដ្ឋត្រឡប់មកវិញដែរ ប៉ុន្តែពេលនេះ មិនទាន់ប្រមូលអស់នៅឡើយទេ។ ដោយឡែក សម្ភារផ្សេងៗទៀត ក៏ត្រូវបានអតីតតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ប្រគល់ជូនរដ្ឋសភាជាបន្តបន្ទាប់ដែរ។
សូមបញ្ជាក់ថា ការប្រមូលទ្រព្យសម្បត្តិរបស់រដ្ឋសភាពីអតីតតំណាងរាស្រ្ត CNRP ត្រឡប់មកវិញនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានប្រកាសសាលដីកា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្រេចឱ្យរំលាយគណបក្សសង្រ្គោះជាតិ។ ជាមួយគ្នានោះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់ មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
ក្រោយពេលរំលាយនេះ ស្លាក បដា និងពាក្យស្លោកគណបក្សសង្រ្គោះជាតិ នៅតាមបណ្តារាជធានី ខេត្ត ត្រូវបានរុះរើ និងទម្លាក់ជិតអស់ហើយ ក្នុងនោះក៏មានស្លាកសញ្ញា ទីស្នាក់ការគណបក្សសង្រ្គោះជាតិ ជាច្រើនត្រូវបានសមាជិកបក្សនេះ ទម្លាក់ដោយខ្លួនឯងដែរ៕