(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ពាក់កណ្ដាលអាជីព ខេ អឹម អេច ខាប់ ក្រោមអាយុ ១៨ឆ្នាំ(KMH Cup U18) បានបើកការប្រកួតរដូវកាលទី៥ ជាផ្លូវការហើយ នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លើទីលាន KMH Park ខណៈប្រកួតបើកឆាកក្រុមម្ចាស់ផ្ទះ KMH Academy U18 បានលត់ក្រុមយុវជន U18 Daun Penh FC ដោយលទ្ធផល ៩-២ ដើម្បីទទួលបាន ៣ពិន្ទុមុនគេ ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺមាន ៨ក្រុមចូលរួម ដែលជាក្រុមក្រោមអាយុ ១៨ឆ្នាំ ដើម្បីធ្វើការប្រកួតវិលជុំ និងសន្សំពិន្ទុ ឈានទៅប្រជែងកៅអីវគ្គបន្ដ ពោលគឺអនុវត្តតាមរូបមន្ដប្រកួត ដូចលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៧នេះដែរ ដោយក្រុមរកបានពិន្ទុខ្ពស់ជាងគេ ៤ក្រុម ត្រូវឡើងទៅលេងវគ្គ ៤ក្រុម ឬ Play-Off ប៉ុន្ដែក្រុមលេខ១ ត្រូវឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមលេខ៣ និងលេខ៤ ត្រូវជួបគ្នា ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅជួបក្រុមលេខ២ បន្ទាប់មកក្រុមទទួលបានជ័យជម្នះ ទើបបានវគ្គផ្ដាច់ព្រ័ត្រប្រកួតដណ្ដើមជើងឯកតែម្ដង ។
លោក កាំង សេន ស្ថាបនិកពាន KMH Cup និងមូលនិធិបាល់ទាត់ KMH បានថ្លែងក្នុងពិធីបើកការប្រកួតថា រដូវកាលថ្មីនេះ ពានកម្រិតពាក់កណ្ដាលអាជីពមួយនេះ គឺផ្ដោតលើយុវជនក្រោមអាយុ ១៨ឆ្នាំ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករក្មេងៗ បានបញ្ចេញសមត្ថភាព និងអភិវឌ្ឍន៍ខ្លួន ឈានទៅសម្រេចក្ដីស្រម៉ៃរបស់ខ្លួនលើវិថីកីឡាបាល់ទាត់ ដែលជួយលើកកម្ពស់ដល់វិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជា ។ លោករំពឹងថា តាមរយៈព្រឹត្តិការណ៍នេះ នឹងបង្កើតឲ្យមានធនធានកីឡាករបាល់ទាត់កម្ពុជាឆ្នើមៗកាន់តែច្រើន ដើម្បីជួយដល់ក្រុមជម្រើសជាតិនាពេលអនាគត ។
គួរបញ្ជាក់ថា តាមគម្រោងពាន KMH Cup U18 រដូវកាលថ្មីនេះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ខែមិថុនា ឆ្នាំ២០១៨ ជាមួយនឹងប្រាក់រង្វាន់សរុបជាង ៣៣លានរៀល ។ ម្យ៉ាងវិញ កាលពីពេលថ្មីៗ មូលនិធិបាល់ទាត់ KMH ក៏ទើបសម្ពោធបើកការប្រកួតពានរង្វាន់ KMH Champions League ឆ្នាំ២០១៧-២០១៨ ផងដែរ ដែលព្រឹត្តិការណ៍នេះ មិនត្រឹមតែរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ទេ ពោលគឺរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដោយថវិកាទទួលបានពីការរៀបចំ និងឧបត្ថម្ភនានា ត្រូវបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ឋា និងអង្គការសប្បុរសធម៌ រួមទាំងធ្វើសកម្មភាពសង្គមមួយចំនួនទៀតផង ៕